ខេត្តកំពង់ចាម÷លោក លី ស្រ៊ី នាយខណ្ឌរដ្ឋបាលជលផលកំពង់ចាម ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦ នេះ បានដឹកនាំក្រុមការងារជលផល សហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ ចុះប្រតិបត្តិការបង្ក្រាបបទល្មើសជលផល ដោយរុះរើ និងបំផ្លាញចោលនូវឧបករណ៍ខុសច្បាប់ នៅនឹងកន្លែង ១ករណី នៅចំណុចតាមដងទន្លេមេគង្គ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម។
លោក លី ស្រ៊ី នាយខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានបញ្ជាក់ថា ការចុះបង្ក្រាបបទល្មើស នៅចំណុចខាងលើនេះ មានការសម្របសម្រួលពី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ហើយមន្ត្រីជំនាញយើងបានរុះរើ និងបំផ្លាញចោលនូវឧបករណ៍ខុសច្បាប់ មានឧបករណ៍លូស្បៃមុងចំនួន ០៧មាត់ របាំងស្បៃមុងប្រវែង ១១០ម៉ែត្រ បង្គោលចម្រឹងចំនួន ៨៥ដើម និងបានចាក់លែងត្រីចម្រុះទម្ងន់ប្រមាណជា ១២គីឡូក្រាម ចូលទៅក្នុងបឹងធម្មជាតិវិញ ។
ជាមួយនោះ ក្រុមការងារបានផ្សព្វផ្សាយច្បាប់ស្តីពីជលផល និងសេចក្តីជូនដំណឹងការប្រើប្រាស់ឧបករណ៍នេសាទស្របច្បាប់ នៅរដូវបិទនេសាទ ដល់ប្រជានេសាទនៅតាមដងទន្លេមេគង្គ ក្នុងភូមិសាស្ត្រស្រុកកងមាស រហូតដល់ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ផងដែរ ៕










