ប៉ូឡូញ​ នឹងហាមឃាត់ការប្រើទូរសព្ទដៃនៅសាលារៀន ហើយរឹតបន្តឹងការចូលទៅកាន់វែបសាយអាសអាភាស

ចែករំលែក៖

ទីក្រុង​វ៉ាសូវី៖ បើតាមទីភ្នាក់ងារព័ត៌មាន Reuters​ បានចុះផ្សាយថា​ រដ្ឋាភិបាលនៃប្រទេសប៉ូឡូញ កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦​ បានអនុម័តសេចក្តីព្រាងច្បាប់មួយចំនួន ដែលមានគោលដៅ​ការពារកុមារពីគ្រោះថ្នាក់នៃប្រព័ន្ធអនឡាញ ដោយរួមមានទាំងបម្រាមនៃការប្រើប្រាស់ទូរសព្ទដៃនៅក្នុងសាលារៀន និងការរឹតបន្តឹងលក្ខខណ្ឌ​ផ្ទៀងផ្ទាត់អាយុ សម្រាប់ការចូលទៅកាន់វែបសាយអាសអាភាស។

សេចក្តីព្រាងច្បាប់មួយ នឹងហាមឃាត់កុមារអាយុចាប់ពី៧ឆ្នាំ ដល់១៥ឆ្នាំ ប្រើប្រាស់ទូរសព្ទដៃនៅក្នុងបរិវេណសាលារៀនទាំងមូល រាប់បញ្ចូល​ទាំងពេលសម្រាកចន្លោះម៉ោងរៀន។ ចំណាត់ការនេះនឹងចូលជាធរមាននៅដើមខែកញ្ញា ប្រសិនបើត្រូវបានអនុម័តដោយសភា។ ចំណែកឯ សេចក្តីព្រាងច្បាប់ដាច់ដោយឡែកមួយទៀតដែលស្នើឡើងរដ្ឋាភិបាលប៉ូឡូញ នឹងតម្រូវឱ្យវែបសាយនានាដែលផ្តល់សេវាកម្មមាតិកាអាសអាភាស ត្រូវដាក់ចេញប្រព័ន្ធផ្ទៀងផ្ទាត់អាយុថ្មីមួយដែលមាន​ភាពតឹងរ៉ឹងខ្លាំង។ រដ្ឋាភិបាលប៉ូឡូញ បាននិយាយថា ប្រព័ន្ធនោះមិនអាចត្រឹមពឹងផ្អែកលើការប្រកាសអាយុដោយសាមីខ្លួន ការស្កេនជីវមាត្រ ឬការតាមដានសកម្មភាពអនឡាញរបស់អ្នកប្រើប្រាស់ទេ ហើយចាំបាច់ត្រូវតែស្របតាមច្បាប់ការពារទិន្នន័យឯកជន និងឯកជនភាព។

បើតាមលោក Donald Tusk នាយករដ្ឋមន្រ្តីប៉ូឡូញ បាននិយាយថា ចំណាត់ការខាងលើ គឺដើម្បីឆ្លើយតបការរីកធំឡើង នៃក្តីកង្វល់ជុំវិញបញ្ហា​នៃការញៀននឹងប្រព័ន្ធឌីជីថល ភាពថយចុះការផ្តោតអារម្មណ៍យកចិត្តទុកដាក់ក្នុងចំណោមក្មេងៗ និងការចូលទៅកាន់មាតិកាអនឡាញ ដែលគ្រោះថ្នាក់ដោយសេរី។ កាលពីខែកុម្ភៈ រដ្ឋមន្រ្តីក្រសួងអប់រំប៉ូឡូញ លោកស្រី Barbara Nowacka ក៏បានផ្តួចផ្តើមផែនការសំដៅហាម​កុមារអាយុក្រោម១៥ឆ្នាំ ប្រើប្រាស់បណ្តាញសង្គម (social media) ផងដែរ។

...

សូមបញ្ជាក់ថា ប្រទេសមួយចំនួនកន្លងមកនេះ បាននាំគ្នាហាមឃាត់ការប្រើស្មាតហ្វូននៅសាលារៀន ដោយសារក្តីបារម្ភជុំវិញផលប៉ះពាល់ ​ចំពោះការផ្តោតអារម្មណ៍រៀនសូត្រ និងអាកប្បកិរិយារបស់ក្មេងៗ។ ចំណែកប្រទេសខ្លះទៀត ក៏បានហាមឃាត់ ឬកំពុងពិចារណាហាមឃាត់​កុមារប្រើប្រាស់បណ្តាញសង្គម៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print