ក្នុងរង្វង់ប្រតិបត្ដិការធ្វើរដ្ឋបាលទាំង១៤ខណ្ឌ៩៤ទីតាំងរកឃើញជនបរទេសស្នាក់នៅ៤៨០នាក់ ក្នុងនោះជនបរទេសមិនមានលិខិតឆ្លងដែន៦នាក់ កំពុងបញ្ជូនទៅផ្លូវច្បាប់

ចែករំលែក៖

ភ្នំពេញ៖ ក្នុងរង្វង់ប្រតិបត្ដិការធ្វើរដ្ឋបាលព្រមគ្នា១ថ្ងៃទាំង១៤ខណ្ឌទៅ លើទីតាំងចំនួន៩៤ទីតាំងរកឃើញជនបរទេសស្នាក់នៅចំនួន៤៨០នាក់ ក្នុងនោះជនបរទេសមិនមានលិខិតឆ្លងដែនចំនួន៦នាក់ បច្ចុប្បន្នកំពុងបញ្ជូនទៅផ្លូវច្បាប់ ។ ប្រតិបត្ដិការនេះក្នុងគោលបំណង ត្រួតពិនិត្យរកទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានិងព្វផ្សាយអនុក្រឹត្យ លេខ០៣ ឱ្យកាន់តែសកម្ម និងមិនត្រូវរាថយដាច់ខាត ។

     លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ តែងតែណែនាំ និងសង្កត់ធ្ងន់ជាប់ជាប្រចាំ ចំពោះ លោក លោកស្រីអភិបាលខណ្ឌទាំង ១៤  ត្រូវចុះត្រួតពិនិត្យទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាម  ប្រព័ន្ធបច្ចេកវិទ្យា និងព្វផ្សាយអនុក្រឹត្យលេខ ០៣ ឱ្យកាន់តែសកម្ម និងរាថយដាច់ខាតធ្វើយ៉ាងណាត្រូវតែធានាលុបបំបាត់ឱ្យអស់នូវបទល្មើសក្នុងមូលដ្ឋាន របស់ខ្លួនទាំងស្រុង។ 

      នេះបើតាមលោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦ នេះ។

      លោកស្រីបន្តថា៖ជាក់ស្តែងគិតត្រឹមថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ នេះ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ក្រោមការ ដឹកនាំ និងបញ្ជាផ្ទាល់របស់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ បានចុះត្រួតពិនិត្យតាមទីតាំងអគារខុនដូរ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួន ក្នុងគោលដៅ ប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) និងផ្សព្វផ្សាយអនុក្រឹត្យលេខ ០៣ អនក្រ.បក ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការ គ្រប់គ្រងសន្ដិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញបានចំនួន ៩៤ទីតាំង រកឃើញ ជនបរទេសស្នាក់នៅសរុបចំនួន ៤៨០នាក់ (ស្រី ១៤៤នាក់) ក្នុងនោះជនបរទេសដែលស្នាក់នៅដោយពុំមានលិខិត ឆ្លងដែនមានចំនួន ៦នាក់។

    លោកស្រីអ្នកនាំពាក្យបញ្ជាក់ទៀតថា៖ក្នុងថ្ងៃនេះដែរ នៅខណ្ឌសែន សុខ ក្រុមការងារបានចុះត្រួតពិនិត្យទីតាំងខុនដូរ ពិភពថ្មីសែនសុខ ស្ថិតនៅក្នុងភូមិ សំរោងទាវ សង្កាត់ក្រាំងធ្នង់ មាន ០៨អគារ រកឃើញជនបរទេសស្នាក់នៅសរុបចំនួន ៣៦នាក់(ស្រី ២នាក់) ពុំមានលិខិតឆ្លងដែន៣នាក់។ ក្រុមការ ងារបានរកឃើញបទល្មើសឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា ១ករណី នៅអគារទី០៥ជាន់ទី១២ បន្ទប់១២០១ ដោយបានឃាត់ខ្លួនជនសង្ស័យជាជនជាតិចិន ៣នាក់ ព្រមទាំងសម្ភាររួមមាន Laptopចំនួន១គ្រឿង និង⁠ទូរស័ព្ទចំនួន៣គ្រឿង។ តាមការធ្វើកោសល្យវិច័យរបស់ការិយាល័យប្រឆាំងបទ ល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ រកឃើញថា មានជាប់ពាក់ព័ន្ធនឹងករណីសង្ស័យប្រព្រឹត្តអំពើឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា។ 

...

    លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ក្រោយចប់ប្រតិបត្តិការ ជនសង្ស័យ និងសម្ភារខាងលើ ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដើម្បីបន្ដនីតិវិធី ហើយចំពោះទីតាំងបន្ទប់ពាក់ព័ន្ធករណីនេះ ក្រុមការងារបានសម្រេចបិទឃ្លុំបណ្ដោះ អាសន្ន។ ជាមួយគ្នានេះដែរថ្ងៃនេះស្នងការដ្ឋានននគរបាលរាជធានីភ្នំពេញ បានអនុវត្តការផាកពិន័យចំពោះម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្ដុំតាមអនុក្រឹត្យលេខ០៣ ចំនួន ២ទីតាំង មនុស្សចំនួន៩នាក់ គិតជាថវិកា សរុបបានចំនួន ៣៦.០០០.០០០រៀល (សាមសិបប្រាំមួយលានរៀល)៕ ដោយ  សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print