ក្រសួងមហាផ្ទៃ​ ស្ថានភាពពលរដ្ឋភៀសសឹក៖ មានពលរដ្ឋភៀសសឹកចំនួន១៦៩នាក់បន្ថែមទៀត បានបន្តចាកចេញពីជំរំ សុវត្ថិភាពត្រឡប់ទៅលំនៅឋានវិញ

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃ​ទី​០៤​ ខែមិថុនា​ ឆ្នាំ​២០២៦នេះ​ សូមជម្រាបជូនថា ចាប់តាំងពីបទឈប់បាញ់រវាងកម្ពុជា និងថៃ ចូល ជាធរមាន កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥មក ភាគីថៃពុំទាន់អនុវត្តពេញលេញតាមសេចក្តីប្រកាសរួមនៃកិច្ចប្រជុំ ពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅឡើយទេ។ ក្រសួងមហាផ្ទៃ បានបន្តកត់ត្រាទុក រាល់ សកម្មភាពមិនស្មោះត្រង់របស់ភាគីថៃ ចំណាត់ការផ្លូវច្បាប់ និងការទូតរបស់រាជរដ្ឋាភិបាល ទន្ទឹមគ្នានឹងការបន្តយកចិត្ត ទុកដាក់ដោះស្រាយផលប៉ះពាល់លើប្រជាពលរដ្ឋ និងតំបន់ស៊ីវិល ដោយសារអំពើឈ្លានពាន ជាពិសេសពលរដ្ឋដែល នៅពុំទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញបាន។

ក្នុងស្ថានភាពនេះ ក្រសួងមហាផ្ទៃ សូមជូនបច្ចុប្បន្នភាពសភាពការណ៍ គិតពីម៉ោង៦ព្រឹក ថ្ងៃទី៣ ដល់ម៉ោង ៦ព្រឹក ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ ដូចខាងក្រោម៖

១-ស្ថានភាពពលរដ្ឋភៀសសឹក៖ មានពលរដ្ឋភៀសសឹកចំនួន១៦៩នាក់បន្ថែមទៀត បានបន្តចាកចេញពីជំរំ សុវត្ថិភាពត្រឡប់ទៅលំនៅឋានវិញ។ ដូច្នេះ ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ មានជិត ៦ សែន២ម៉ឺននាក់ ឬ ជាង៩៥% បានវិលត្រឡប់ទៅលំនៅឋានវិញ។ នៅមានពលរដ្ឋចំនួន២៩.០២៨នាក់ទៀត (ស្ត្រី១៤.៩៣៦នាក់ និងកុមារ៩.៧៨២នាក់) ពុំទាន់អាចវិលទៅលំនៅឋានវិញ។

២-ការបន្តផ្អាកសេវាសាធារណៈជាមូលដ្ឋាន៖ ខេត្តឧត្តរមានជ័យ មានសាលារៀន៨ និងមន្ទីរពេទ្យ/មណ្ឌល សុខភាព៥ នៅបន្តផ្អាក។ ខេត្តបន្ទាយមានជ័យ មានសាលារៀន៥ និងមន្ទីរពេទ្យ/មណ្ឌលសុខភាព១ បន្តផ្អាក។ ខេត្តព្រះវិហារ មានសាលារៀន៧ និងមន្ទីរពេទ្យ/មណ្ឌលសុខភាព២ នៅបន្តផ្អាក។

៣-ការខូចខាតហេដ្ឋារចនាសម្ព័ន្ធរូបវន្តស៊ីវិល៖ គិតចាប់ពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥មក ការខូចខាតទ្រព្យ សម្បត្តិសាធារណៈ និងឯកជន ពុំទាន់មានរបាយការណ៍ថ្មីបន្ថែមលើករណីដែលក្រសួងបានកត់ត្រាទុកនៅឡើយទេ។

ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះរាជរដ្ឋាភិបាល ដែលនៅ ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦នេះ បានជូនដំណឹងទៅភាគីថៃ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) អំពី ការចាប់ផ្តើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) បន្ទាប់ពីភាគីថៃបានដកខ្លួនពីអនុស្សរណៈនៃការយោគយល់ (MOU) ឆ្នាំ២០០១។

...

ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា សូមអំពាវនាវជនរួមជាតិ ទាំងក្នុង និងក្រៅប្រទេស បន្តយកចិត្ត ទុកដាក់តាមដាន និងផ្តល់ការគាំទ្រឱ្យបានខ្លាំងក្លា រួបរួមស្មារតីសាមគ្គីគាំទ្រ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានកំពុងដឹកនាំបេសកកម្មដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃ ដោយសន្តិវិធី តាមយន្តការ ការទូត និងច្បាប់អន្តរជាតិ សំដៅនាំមកវិញនូវអធិបតេយ្យភាព បូរណភាពទឹកដី សន្តិភាព និងស្ថិរភាពតាមខ្សែបន្ទាត់ ព្រំដែន ជាពិសេសជីវភាពជាប្រក្រតីនៃប្រជាជនទាំងសងខាង៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print