មហាសេដ្ឋីអូស្ត្រាលី Robin Khuda នឹងសាងសង់គម្រោងមជ្ឈមណ្ឌលទិន្នន័យតម្លៃ21ពាន់លានដុល្លារក្នុងប្រទេសឥណ្ឌា

ចែករំលែក៖

ក្រុមហ៊ុន AirTrunk ដែលជាក្រុមហ៊ុនមជ្ឈមណ្ឌលទិន្នន័យ (Data Center) បង្កើតឡើងដោយមហាសេដ្ឋីអូស្ត្រាលីដើមកំណើតបង់ក្លាដែស Robin Khuda គ្រោងវិនិយោគប្រមាណ 2 ទ្រីលានរូពីឥណ្ឌា (ប្រហែល 21 ពាន់លានដុល្លារអាមេរិក) ដើម្បីអភិវឌ្ឍគម្រោងមជ្ឈមណ្ឌលទិន្នន័យដែលមានសមត្ថភាពសរុប 3 ជីហ្គាវ៉ាត់ (Gigawatts) នៅរដ្ឋ Maharashtra ភាគខាងលិចប្រទេសឥណ្ឌា។

ការវិនិយោគដ៏ធំនេះត្រូវបានប្រកាសដោយ Devendra Fadnavis នាយករដ្ឋមន្ត្រីរដ្ឋ Maharashtra តាមរយៈបណ្តាញសង្គម X បន្ទាប់ពីភាគីទាំងពីរបានចុះហត្ថលេខាលើលិខិតបំណង (Letter of Intent) សម្រាប់ការទិញដីនៅស្រុក Raigad ដែលស្ថិតនៅជាយទីក្រុង Mumbai មជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏ធំបំផុតរបស់ឥណ្ឌា។

លោក Fadnavis បានសរសេរថា ភាគីទាំងពីរបានផ្លាស់ប្តូរលិខិតបំណងសម្រាប់ការបែងចែកដីនៅតំបន់អភិវឌ្ឍន៍ Raigad Pen Growth Centre (Orange City) ដើម្បីសាងសង់មជ្ឈមណ្ឌលទិន្នន័យថ្មី ដែលជាគម្រោងវិនិយោគដ៏ធំមានតម្លៃ 2 ទ្រីលានរូពី និងសមត្ថភាព 3 ជីហ្គាវ៉ាត់។

មានមូលដ្ឋាននៅទីក្រុង Sydney ប្រទេសអូស្ត្រាលី AirTrunk បានពង្រីកវត្តមានយ៉ាងឆាប់រហ័សនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដោយមានប្រតិបត្តិការនៅប្រទេសអូស្ត្រាលី ហុងកុង ឥណ្ឌា ជប៉ុន ម៉ាឡេស៊ី និងសិង្ហបុរី។

ក្រុមហ៊ុន AirTrunk បានប្រកាសពីការវិនិយោគចំនួន 3 ពាន់លានដុល្លារនៅក្នុងមជ្ឈមណ្ឌលទិន្នន័យចំនួនពីរក្នុងប្រទេសម៉ាឡេស៊ីផងដែរ។

នៅខែមេសាកន្លងទៅ AirTrunk បានពង្រីកអាជីវកម្មរបស់ខ្លួននៅឥណ្ឌា តាមរយៈការទិញយក Lumina CloudInfra ដែលត្រូវបានបង្កើតឡើងដោយ Blackstone ដែលជាម្ចាស់ភាគហ៊ុនធំមួយរបស់ AirTrunk។ Lumina មានផែនការសាងសង់សមត្ថភាពមជ្ឈមណ្ឌលទិន្នន័យរហូតដល់ 600 មេហ្គាវ៉ាត់ និងមានសក្តានុពលអភិវឌ្ឍន៍ដែលអាចមានតម្លៃដល់ទៅ 5 ពាន់លានដុល្លារ។

ការវិនិយោគលើមជ្ឈមណ្ឌលទិន្នន័យនៅឥណ្ឌាកំពុងកើនឡើងយ៉ាងខ្លាំង ខណៈតម្រូវការលើបច្ចេកវិទ្យា AI និងសេវាកម្ម Cloud Computing បន្តកើនឡើង។ កំណើននេះក៏កំពុងទាក់ទាញមហាសេដ្ឋីធំៗរបស់ឥណ្ឌាឱ្យចូលរួមប្រកួតប្រជែងផងដែរ។

ក្រុមហ៊ុន Reliance Industries ដែលគ្រប់គ្រងដោយមហាសេដ្ឋីមានជាងគេនៅឥណ្ឌា Mukesh Ambani និង Adani Enterprises ដែលដឹកនាំដោយមហាសេដ្ឋីលំដាប់ទីពីរ Gautam Adani សុទ្ធតែមានផែនការវិនិយោគប្រមាណ 100 ពាន់លានដុល្លាររៀងៗខ្លួន លើមជ្ឈមណ្ឌលទិន្នន័យ និងហេដ្ឋារចនាសម្ព័ន្ធឌីជីថលផ្សេងៗនៅទូទាំងប្រទេសក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។

លោក Robin Khuda មានទ្រព្យសម្បត្តិសរុបប្រមាណ 2.1 ពាន់លានដុល្លារ ហើយត្រូវបានចាត់ទុកថាជាមនុស្សមានបំផុតម្នាក់នៅអូស្ត្រាលី។

លោកបានបង្កើត AirTrunk ក្នុងឆ្នាំ 2015 និងបានអភិវឌ្ឍក្រុមហ៊ុននេះឱ្យក្លាយជាប្រតិបត្តិករមជ្ឈមណ្ឌលទិន្នន័យដ៏សំខាន់មួយនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

...

កាលពីឆ្នាំ 2024 សម្ព័ន្ធវិនិយោគដែលដឹកនាំដោយ Blackstone និង Canada Pension Plan Investment Board បានទិញយក AirTrunk ក្នុងកិច្ចព្រមព្រៀងមានតម្លៃ 16 ពាន់លានដុល្លារ។ ទោះជាយ៉ាងណា លោក Robin Khuda នៅតែបន្តកាន់តំណែងជានាយកប្រតិបត្តិ (CEO) របស់ក្រុមហ៊ុន និងរក្សាទុកភាគហ៊ុនមួយចំនួនដែលមានតម្លៃខ្ពស់នៅក្នុង AirTrunk៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print