ខេត្តព្រះសីហនុ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងកាលពីវេលាម៉ោង០៧ និង៥០នាទីព្រឹកថ្ងៃទី០៥ មិថុនា ឆ្នាំ២០២៦ ស្ថិតនៅលើវិថីផែ ត្រង់ចំណុចក្បែរស្ទុបកែងរ៉ា ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បង្កឡើងដោយរថយន្តកុងតឺន័រធុនធំមួយគ្រឿង បើកចុះចំណោតក្នុងល្បឿនលឿន បណ្តាលឱ្យបុករះរថយន្ត និងម៉ូតូកង់បីជាច្រើនគ្រឿង ។
របាយការណ៍បឋមពីសមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តធុនធំមួយគ្រឿង ម៉ាក HYUNDAI ពណ៌.ស ពាក់ផ្លាកលេខភ្នំពេញ 3F-6019 សណ្តោងសឺមីរ៉ឺម៉ក ពាក់ផ្លាកលេខកំពង់ចាម 4A-3065 ផ្ទុកពេញដោយថ្មក្រានីត បើកបរក្នុងទិសដៅពីកើតទៅលិច (ធ្វើដំណើរពីតំបន់ឃ្លាំងលើ ឆ្ពោះទៅកាន់កំពង់ផែស្វយ័ត) ។
លុះធ្វើដំណើរមកដល់ចំណុចកើតហេតុ ជាស្ថានភាពផ្លូវចុះចំណោត រថយន្តបង្កបានបើកបរក្នុងល្បឿនលឿន ក៏បានជ្រុលទៅបុករះរថយន្ត៣គ្រឿង និងម៉ូតូកង់បី១គ្រឿងទៀត ដែលកំពុងធ្វើដំណើរស្របទិសគ្នា បណ្តាលឱ្យខូចខាតយ៉ាងដំណំ ។ ចំណែកឯអ្នកបើកបររថយន្តបង្កហេតុវិញ បានរត់គេចខ្លួនបាត់ស្រមោល និងមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កឱ្យមនុស្សចំនួន៣នាក់រួមមាន៖ រងរបួសធ្ងន់១នាក់៖ ជាអ្នកបើកបរម៉ូតូកង់បី (ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ) ។ អ្នករងរបួសស្រាល២នាក់៖ ជាអ្នកបើកបររថយន្តរងគ្រោះ ។
បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចជំនាញកំពុងធ្វើការវាស់វែង និងសម្របសម្រួលចរាចរណ៍នៅកន្លែងកើតហេតុ ដើម្បីស្ទូចយកមធ្យោបាយធ្វើដំណើរទាំងនោះទៅរក្សាទុក និងស្រាវជ្រាវស្វែងរកអត្តសញ្ញាណអ្នកបើកបររថយន្តបង្ក ដើម្បីយកមកដោះស្រាយតាមនីតិវិធីច្បាប់ ៕










