កម្លាំងព្រហ្មទណ្ឌបង្ក្រាបក្រុមចោរលួចម៉ូតូយ៉ាងសកម្មនៅភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ដកហូតម៉ូតូ ២គ្រឿង

ចែករំលែក៖

(ភ្នំពេញ)៖ កម្លាំងជំនាញនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបើកប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ដែលជាមុខសញ្ញាធ្វើសកម្មភាពលួចម៉ូតូយ៉ាងសកម្មនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ខណៈសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវ និងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់។

ប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដោយនៅវេលាម៉ោង ០០:៥០នាទីរំលងអាធ្រាត្រ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ញ៉ែម វ៉ន នាយការិយាល័យ បានដឹកនាំកម្លាំងជំនាញចុះប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យទាំង ៣នាក់ នៅចំណុចបន្ទប់ជួលមួយកន្លែង ស្ថិតនៅផ្លូវលេខ១០៥ កែងផ្លូវលេខ១៥ ភូមិ០៥ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទាំងនេះជាប់ពាក់ព័ន្ធនឹងករណីលួចម៉ូតូចំនួន ២ករណី ដែលបានកើតឡើងកាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចផ្ទះសំណាក់យីហោ Number10 ស្ថិតលើផ្លូវលេខ៩៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ និងនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦ នៅមុខអាផាតមិនយៀកថៃ ផ្លូវលេខ២១៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនរួមមាន៖ *ឈ្មោះ យឹម សំណាង ហៅ ដូច ភេទប្រុស អាយុ ២៨ឆ្នាំ។*ឈ្មោះ ហេង សុផានិត ភេទប្រុស អាយុ ៤២ឆ្នាំ។

ឈ្មោះ ចាន់ ពិសិដ្ឋ ហៅ ជ្រុយ ភេទប្រុស អាយុ ២៣ឆ្នាំ។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ម៉ូតូម៉ាក Honda ZoomerX ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ ១FZ-៣៣៩១ និងម៉ូតូម៉ាក Suzuki Step ពណ៌ស-ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១W-៨៦៤៧ ដែលជាប់ពាក់ព័ន្ធនឹងសកម្មភាពល្មើស។

ការបង្ក្រាបខាងលើ បានបង្ហាញពីការយកចិត្តទុកដាក់ និងការបន្តពង្រឹងវិធានការបង្ការ បង្ក្រាបបទល្មើសព្រហ្មទណ្ឌរបស់កម្លាំងនគរបាលជំនាញ ក្នុងគោលបំណងរក្សាសន្តិសុខ សុវត្ថិភាព និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ។

...

បច្ចុប្បន្ន ជនសង្ស័យទាំង ៣នាក់ ត្រូវបាននាំខ្លួនមកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print