ទីក្រុងញូវយ៉ក៖ លោក កែវ ឈា ឯកអគ្គរាជទូត តំណាងអចិន្រ្តៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប) នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ បានអមដំណើរដោយថ្នាក់ដឹកនាំ មន្ត្រីការទូតស្ថានបេសកកម្ម ព្រមទាំងអនុព័ន្ធយោធា និងជំនួយការអនុព័ន្ធយោធា ចូលរួមក្នុងពិធីប្រគល់មេដាយ Dag Hammarskjöld Medal។ ពិធីដ៏មានអត្ថន័យនេះ បានប្រារព្ធធ្វើឡើងនៅទីស្នាក់ការអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូវយ៉ក ក្រោមអធិបតីភាពរបស់អគ្គលេខាធិការអ.ស.ប។
ពិធីនេះ ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដើម្បីប្រគល់មេដាយជូនដល់កងកម្លាំងសន្តិភាពឆ្នើម ទទួលស្គាល់ការបំពេញភារកិច្ចប្រកបដោយវិជ្ជាជីវៈ ព្រមទាំងសម្តែងការចូលរួមរំលែកទុក្ខ និងដឹងគុណដល់កងកម្លាំងរក្សាសន្តិភាព និងបុគ្គលិកស៊ីវិលរបស់អ.ស.ប ដែលបានពលីជីវិតក្នុងអំឡុងពេលបំពេញបេសកកម្ម។
ក្នុងឱកាសដ៏សំខាន់នោះ លោក កែវ ឈា បានទទួលមេដាយពីអគ្គលេខាធិការអ.ស.ប ជំនួសឱ្យគ្រួសាររបស់កងកម្លាំងរក្សាសន្តិភាពកម្ពុជាចំនួន ៣ រូប ដែលបានពលីជីវិតក្នុងអំឡុងពេលបំពេញបេសកកម្មរក្សាសន្តិភាពអ.ស.ប នៅប្រទេសស៊ូដង់ខាងត្បូង និងអាហ្វ្រិកកណ្តាល ក្នុងឆ្នាំ២០២៥។ មេដាយនេះតំណាងឱ្យការកោតសរសើរ និងការចងចាំជាអមតៈចំពោះការលះបង់ដ៏ថ្លៃថ្លារបស់វីរបុរសទាំងនោះ ក្នុងការកសាងសន្តិភាពសកល៕ដោយ៖តារា










