រដ្ឋាភិបាលឥណ្ឌូនេស៊ីកំពុងរៀបចំអនុវត្តកម្មវិធីអភិវឌ្ឍន៍ថាមពលព្រះអាទិត្យដ៏ធំបំផុតមួយនៅលើពិភពលោក ដោយកំណត់គោលដៅផលិតថាមពលអគ្គិសនីរហូតដល់ 100 ជីហ្គាវ៉ាត់ (GW) និងត្រូវការវិនិយោគសរុបប្រមាណ 71.3 ពាន់លានដុល្លារអាមេរិក ខណៈប្រទេសនេះកំពុងពន្លឿនការផ្លាស់ប្តូរទៅរកថាមពលស្អាត និងកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល។
ក្រសួងថាមពល និងធនធានរ៉ែរបស់ឥណ្ឌូនេស៊ី បានឱ្យដឹងថា ខ្លួនបានសហការជាមួយក្រសួងកិច្ចការដីធ្លី និងផែនការប្រើប្រាស់ដី ដើម្បីត្រៀមដីប្រមាណ 24,000 ហិកតា នៅលើកោះជ្វា (Java) សម្រាប់អភិវឌ្ឍគម្រោងថាមពលព្រះអាទិត្យទ្រង់ទ្រាយធំ។
អនុរដ្ឋមន្ត្រីក្រសួងថាមពល និងធនធានរ៉ែ លោក Yuliot Tanjung បានថ្លែងថា អាជ្ញាធរបានបញ្ចប់ការវាយតម្លៃដីធ្លី និងកំណត់បានតំបន់សមស្របគ្រប់គ្រាន់សម្រាប់អនុវត្តកម្មវិធីនេះ។ ក្នុងដំណាក់កាលដំបូង រដ្ឋាភិបាលនឹងផ្តល់អាទិភាពដល់គម្រោងដែលមានសមត្ថភាពផលិតថាមពលសរុបប្រមាណ 17 ជីហ្គាវ៉ាត់។
ជាមួយគ្នានេះ ឥណ្ឌូនេស៊ីក៏មានផែនការអភិវឌ្ឍប្រព័ន្ធស្តុកថាមពលដោយប្រើថ្ម (Battery Energy Storage Systems – BESS) ដែលមានសមត្ថភាពសរុបប្រមាណ 33 ជីហ្គាវ៉ាត់ ដើម្បីធានាស្ថិរភាពនៃបណ្តាញអគ្គិសនី ខណៈចំណែកថាមពលកកើតឡើងវិញកំពុងកើនឡើងនៅក្នុងប្រព័ន្ធថាមពលជាតិ។
គម្រោងនេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រផ្លាស់ប្តូរថាមពលជាតិរបស់ឥណ្ឌូនេស៊ី។ កាលពីពេលកន្លងទៅ ប្រធានាធិបតី Prabowo Subianto បានកំណត់គោលដៅអភិវឌ្ឍថាមពលព្រះអាទិត្យឱ្យបាន 100 ជីហ្គាវ៉ាត់ នៅចន្លោះឆ្នាំ 2026 ដល់ 2028។
អ្នកសង្កេតការណ៍បានចាត់ទុកគោលដៅនេះថាមានមហិច្ឆតាខ្លាំង ដោយសារបច្ចុប្បន្នឥណ្ឌូនេស៊ីមានសមត្ថភាពផលិតថាមពលព្រះអាទិត្យដែលបានដំឡើងរួចត្រឹមតែប្រមាណ 1.5 ជីហ្គាវ៉ាត់ ប៉ុណ្ណោះ។ ប្រសិនបើគម្រោងនេះសម្រេចបានជោគជ័យ សមត្ថភាពថាមពលព្រះអាទិត្យរបស់ប្រទេសនឹងកើនឡើងជាង 66 ដង ក្នុងរយៈពេលតែប៉ុន្មានឆ្នាំប៉ុណ្ណោះ។
ឥណ្ឌូនេស៊ី ដែលជាសេដ្ឋកិច្ចធំបំផុតនៅតំបន់អាស៊ីអាគ្នេយ៍ ក៏ជាប្រទេសមួយក្នុងចំណោមអ្នកបញ្ចេញឧស្ម័នផ្ទះកញ្ចក់ធំៗរបស់ពិភពលោកផងដែរ ដោយសារតែការពឹងផ្អែកខ្លាំងលើការផលិតអគ្គិសនីពីធ្យូងថ្ម។ ដូច្នេះ ការពង្រីកការប្រើប្រាស់ថាមពលកកើតឡើងវិញត្រូវបានចាត់ទុកថាជាជំហានដ៏សំខាន់មួយក្នុងការសម្រេចគោលដៅកាត់បន្ថយការបំភាយឧស្ម័ន និងឈានទៅរកអព្យាក្រឹតភាពកាបូន (Net Zero Emissions) ក្នុងប៉ុន្មានទសវត្សរ៍ខាងមុខ។
ជាមួយសមត្ថភាពគ្រោងទុករហូតដល់ 100 ជីហ្គាវ៉ាត់ គម្រោងនេះត្រូវបានរំពឹងថា នឹងមិនត្រឹមតែពង្រឹងសន្តិសុខថាមពលរបស់ឥណ្ឌូនេស៊ីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យប្រទេសនេះក្លាយជាមជ្ឈមណ្ឌលថាមពលព្រះអាទិត្យដ៏សំខាន់មួយនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិកផងដែរ៕










