រយៈពេល៤ខែ ឆ្នាំនេះ! ភ្ញៀវទេសចរបរទេសជាង ២៧ម៉ឺននាក់ មកកម្សាន្តនៅតាមតំបន់ឆ្នេរកម្ពុជា កើនឡើងជិត ៤%

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍​ បានបង្ហាញថា​ មានភ្ញៀវទេសចរបរទេសចំនួន ២៧៤ ៥២០ នាក់ បានមកកម្សាន្តនៅតាមតំបន់ឆ្នេរកម្ពុជា កើនឡើង ៣.៩% ក្នុងរយៈពេល៤ខែ ឆ្នាំ២០២៦ ពោលគិតពីខែមករា-មេសា ឆ្នាំ២០២៦ ,នេះបើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ។ ក្នុងនោះតំបន់ឆ្នេរក្នុងខេត្តព្រះសីហនុ ទទួលបានភ្ញៀវទេសចរបរទេសមកកម្សាន្តច្រើនជាងតំបន់ឆ្នេរនៅតាមបណ្ដាខេត្តផ្សេងៗទៀតនៃប្រទេសកម្ពុជា។

របាយការណ៍ដដែល​ បានបញ្ជាក់ថា​ តំបន់ឆ្នេរនៅកម្ពុជាដែលមានភាពលេចធ្លោ និងទទួលបានការវិនិយោគច្រើនជាងគេនោះគឺខេត្តព្រះសីហនុ ដោយក្នុងរយៈពេល៤ខែ ឆ្នាំ២០២៦នេះ ខេត្តព្រះសីហនុទទួលបានភ្ញៀវទេសចរបរទេសជិត ២០ម៉ឺននាក់ កើនឡើង ១៣.២% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ ក្នុងរយៈពេល៤ខែនេះ ខេត្តព្រះសីហនុក៏ទទួលបានភ្ញៀវទេសចរជាតិប្រមាណជាង ១,៨ លាននាក់ មកកម្សាន្តដែរ ដែលមានការធ្លាក់ចុះជិត ១២% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។

ដោយឡែក ក្នុងខែមេសា ឆ្នាំ២០២៦ តំបន់ឆ្នេរកម្ពុជាទទួលបានភ្ញៀវទេសចរបរទេសប្រមាណជិត ៧ម៉ឺននាក់ ធ្លាក់ចុះជិត ១០% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ក្នុងនភ្ញៀវទេសចរបរទេសដែលមកកម្សាន្តក្នុងខេត្តព្រះសីហនុមានប្រមាណជាង ៥ម៉ឺននាក់ កើនឡើង ១.៦% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។

ចំពោះភ្ញៀវជាតិដែលទៅកម្សាន្តនៅតំបន់ឆ្នេរកម្ពុជាក្នុងខែមេសា ឆ្នាំ២០២៦ មានប្រមាណជាង ១,៣ លាននាក់ កើនឡើង ០.៤% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ក្នុងនោះភ្ញៀវជាតិដែលទៅកម្សាន្តនៅខេត្តព្រះសីហនុ មានប្រមាណជាង ៦២ម៉ឺននាក់ ធ្លាក់ចុះ ៦.២% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។

របាយការណ៍របស់ក្រសួងទេសចរណ៍​ ក៏បានបញ្ជាក់ដែរថា​ ក្នុងរយៈពេល៤ខែ ឆ្នាំ២០២៦ កម្ពុជាទទួលបានភ្ញៀវទេសចរសរុបជិត ១៣លាននាក់ ក្នុងនោះទទួលបានភ្ញៀវទេសចរជាតិប្រមាណជាង ១១ លាននាក់ កើនឡើង ៦៣% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ និងទទួលបានភ្ញៀវទេសចរបរទេសប្រមាណជាង ១,៦ លាននាក់ ធ្លាក់ចុះ ១២.៤% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print