ក្រសួងព័ត៌មានជំរុញយុវជនឱ្យប្រកាន់ខ្ជាប់នូវវប្បធម៌ «គិតមុននឹងចែករំលែក» និងប្រើប្រាស់បណ្ដាញសង្គមប្រកបដោយការទទួលខុសត្រូវ

ចែករំលែក៖

ខេត្តព្រះវិហារ ៖ លោក ស្លេះ អាល់ហ្វីន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានអំពាវនាវ និងជំរុញដល់យុវជនឱ្យការពារខ្លួនកុំឱ្យក្លាយជាជនរងគ្រោះ ឬជាភ្នាក់ងារនៃការចែកចាយព័ត៌មានក្លែងក្លាយ ដោយត្រូវចេះផ្ទៀងផ្ទាត់ព័ត៌មាន និងពិនិត្យប្រភពឱ្យបានច្បាស់លាស់ ប្រកាន់ខ្ជាប់ជានិច្ចនូវវប្បធម៌ «គិតមុននឹងចែករំលែក» និងប្រើប្រាស់បណ្តាញសង្គមប្រកបដោយទទួលខុសត្រូវ។ ការថ្លែងបញ្ជាក់បែបនេះ ត្រូវបានធ្វើឡើងក្នុងឱកាសដែលឯកឧត្តមអញ្ជើញជាអធិបតីក្នុងពិធីបើក «យុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ ជំហានទី២» តំណាងលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ នៅវិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកទេស ជា ស៊ីម ត្បែងមានជ័យ ខេត្តព្រះវិហារ។

ពិធីដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីសំណាក់ លោក គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសរុបជាង ២,០០០នាក់ ដែលនេះសបញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងការរួមកម្លាំងគ្នាប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយនៅកម្ពុជា។

លោក ស្លេះ អាល់ហ្វីន មានប្រសាសន៍ថា  «យុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ត្រូវបានរៀបចំឡើងដោយមានគោលបំណងសំខាន់ៗ ក្នុងការបញ្ជ្រាបការយល់ដឹងទូលំទូលាយអំពីផលវិបាកនិងគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ ព្រមទាំងលើកកម្ពស់អក្ខរកម្មព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយ និងបច្ចេកវិទ្យាឌីជីថលដល់សាធារណជន។ បន្ថែមពីនេះ យុទ្ធនាការនេះក៏ផ្តោតសំខាន់លើការផ្សព្វផ្សាយការយល់ដឹងអំពីច្បាប់ សិទ្ធិ និងសុវត្ថិភាពឌីជីថល ក្នុងគោលដៅចូលរួមចំណែកកែប្រែឥរិយាបថ និងទម្លាប់អវិជ្ជមានក្នុងការប្រើប្រាស់បណ្តាញសង្គមរបស់ស្រទាប់យុវជនផងដែរ។

មានប្រសាសន៍ទៅកាន់សិស្សានុសិស្ស និងអ្នកចូលរួម ឯកឧត្តម ស្លេះ អាល់ហ្វីន បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ព័ត៌មានក្លែងក្លាយ បើមើលមួយភ្លែតហាក់ដូចជារឿងធម្មតា ប៉ុន្តែវាបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតដល់បុគ្គល គ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល»។

លោកបានបន្តពន្យល់ថា ក្រៅពីធ្វើឱ្យខាតបង់ថវិកា និងពេលវេលា ព័ត៌មានប្រឌិតទាំងនេះបានបំផ្លាញកិត្តិយស សេចក្តីថ្លៃថ្នូរ និងឯកជនភាពរបស់អ្នកដទៃ ព្រមទាំងបង្កឱ្យមានបញ្ហាសុខភាពផ្លូវចិត្ត បំផ្លាញទំនាក់ទំនងសង្គម បង្កអសន្តិសុខ និងប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។ ធ្ងន់ធ្ងរជាងនេះទៅទៀត វាអាចញុះញង់ឱ្យមានការរើសអើង អំពើហិង្សា បំបែកបំបាក់សាមគ្គីភាពជាតិ ដែលអ្នកប្រព្រឹត្តត្រូវប្រឈមមុខនឹងការទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

ទន្ទឹមនឹងនេះ លោកក៏បានណែនាំពីវិធានសុវត្ថិភាពមូលដ្ឋាន រួមមាន ការគ្រប់គ្រងលេខសម្ងាត់ឱ្យបានរឹងមាំ ការចៀសវាងចុចលើតំណភ្ជាប់ (Links) ដែលគួរឱ្យសង្ស័យ និងត្រូវប្រកាន់ខ្ជាប់នូវការប្រើប្រាស់អ៊ីនធឺណិតប្រកបដោយស្មារតីទទួលខុសត្រូវ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print