ខេត្តកណ្តាល÷ ក្មេងប្រុសម្នាក់បានលង់ទឹកស្លាប់ ខណ: គ្នីគ្នាមាន៦នាក់ បាននាំគ្នាទៅលេងទឹកស្រះកាលពីវេលាម៉ោង០៩ ព្រឹកថ្ងៃទី០៧ ខែមិថុនាឆ្នាំ២០២៦ នៅចំណុច រណ្តៅស្រះត្រី លប់ខ្សាច់ដីឡូត៏ ស្ថិតក្នុងភូមិលេខ ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
លោកវរសេនីយ៏ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅប្រាប់ឲ្យដឹងថា កុមារារងគ្រោះឈ្មោះនន់ លីហៀង អាយុ១១ឆ្នាំ ជាសិស្សរៀនថ្នាក់ទី៣ មានទីលំក្នុងភូមិ លេខ(១ក) សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ វត្ថុតាង÷ខោជើងវែងពណ៌ខៀវចំនួន ០១- ស្បែក ជើងស៊កពណ៌ខ្មៅចំនួន០១គូរ នៅក្បែរមាត់ស្រះ ។
ក្រោយទទួលបានព័ត៌មានភ្លាម លោកអធិការបានបញ្ជាលោកអធិការរងការងារយុត្តិធម៌ដឹកនាំកម្លាំងផ្នែកពិនិត្យ វិភាកកន្លែងកើតហេតុ សហការជាមួយអាជ្ញាធរមូលដ្ធាន លោកគ្រូពេទ្យ និងប៉ុស្តិ៍ស្វាយរលំ ចុះដល់ទីតាំងកើតហេតុ ។
តាមការបំភ្លឺរបស់ឈ្មោះ យ៉ យុំាងលី ត្រូវជាអ៊ុំរបស់កុមាររងគ្រោះ បានឱ្យដឹងថា នៅវេលាកើតហេតុ មានក្មេងៗស្រីប្រុស ចំនួន០៦នាក់ ដែលមានអាយុចន្លោះ ពី ០៧ ឆ្នាំដល់១២ឆ្នាំ ក្នុងនោះក៏មានកុមាររងគ្រោះម្នាក់ផងដែរ បានទៅលេងរណ្តៅទឹកស្រះ ដែលគេលុបដើម្បីធ្វើដីឡូត៍ហើយក៏មានអ្នកនៅជិតទីតាំងនោះ តែងតែដេញក្រុម ក្មេងៗទាំងនោះកុំឱ្យទៅលេង។ តែក្មេងៗទាំងនោះលួចទៅលេងទឹកស្រះ ចំនួន០៣លើកមកហើយ ។
នៅពេលក្មេង ទាំង០៦នាក់នាំគ្នាចុះទៅលេងទឹកស្រះ ក៏ស្រាប់តែក្មេងរងគ្រោះ បានចុះទៅលេងដល់ចំណុចទឹកជ្រៅ បណ្តាលឲ្យលង់ ដោយក្មេងៗនៅសល់០៥នាក់បានឃើញរត់ឡើងគោក ហៅឱ្យគេមកជួយ។ ពេលនោះក៏មាន អ្នកភូមិនាំគ្នាចុះរាវរកក្មេងរងគ្រោះ។ រហូតដល់ម៉ោង១១និង០០នាទីថ្ងៃខែដដែល ទើបរកឃើញ និងស្រង់ឡើងមកលើគោក ជួយរលាក់ទឹក ធ្វើចលនាដង្ហើម តែកុមាររងគ្រោះបានស្លាប់បាត់ទៅហើយ។ បន្ទាប់មកក៏បានរាយការណ៍ទៅអាជ្ញាធរនិងសមត្ថកិច្ចចុះមកពិនិត្យ។
ក្រោយសមត្ថកិច្ចជំនាញ បានពិនិត្យយ៉ាងល្អិតល្អន់ ដោយពុំមានស្នាកស្នាមអ្វីគួឲ្យកត់សំគាល់ និងយោងលោកគ្រូពេទ្យ បានដាក់សេចក្តីសន្និដ្ធានថា កុមាររង គ្រោះស្លាប់ដោយសារ លង់ទឹក។ សពត្រូវបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕










