ខេត្តកំពង់ឆ្នាំង ៖ ជនជាតិចិន១ក្រុមត្រូវប្រជាពលរដ្ឋប្រទះឃើញ ជិះរថយន្ត២គ្រឿង បើកសំដៅទៅព្រៃមួយកន្លែង រួចឈប់រថយន្ត នៅចំណុចភូមិត្រពាំងចំបក់ ស្ថិតនៅឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កាលពីវេលាម៉ោងជាង២រសៀលថ្ងៃទី ៦ខែមិថុនា ឆ្នាំ ២០២៦ ។
ប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឱ្យដឹងថា បន្ទាប់ពីចុះពីរថយន្ត គេឃើញជនជាតិចិនទាំងនោះបោះអាវុធខ្លីចំនួន៣ដើម ចូលទៅក្នុងទឹកត្រពាំងនៅក្បែរនោះ ។
ក្រោយពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋកម្លាំង សមត្ថកិច្ចនគរបាលបានចុះទៅឃាត់ ជនជាតិចិនទាំង នោះ និងបានឲ្យមនុស្សចុះរាវរកឃើញអាវុធខ្លីចំនួន៣ដើមនិងគ្រាប់មួយចំនួន។
អធិការនគរបាលស្រុកកំពង់ត្រឡាច លោក នន ស៊ីណាត បានបញ្ជាក់នៅព្រឹកថ្ងៃទី ៧ខែមិថុនានេះថា មិនទាន់ដឹងជាករណីអ្វី ឲ្យបានច្បាស់លាស់ទេ ពេលនាំយកមកដល់អធិការដ្ឋាននគរបាលស្រុក នៅវេលាម៉ោង ៤ រសៀល ហើយ ក៏បានបញ្ជូនបន្តទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបន្តនីតិវិធី ។
លោកអធិការនគរបាលស្រុកកំពង់ត្រឡាច បានបញ្ជាក់ទៀតថា ការឃាត់ខ្លួនមានជនជាតិចិន ៦នាក់ដកហូតបាន អាវុធខ្លី៣ដើមគ្រាប់មួយចំនួន និងរថយន្ត២គ្រឿង ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ឆ្នាំងផងដែរ។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី ៧ ខែមិថុនា នេះដែរ បានបញ្ជាក់ថាមិនទាន់ដឹងសាច់រឿងអ្វីឲ្យប្រាកដនោះទេ ព្រោះជជែកស្ដាប់គ្នាមិនបាន។ ប៉ុន្តែ ព្រឹកនេះយើងទើបបានអ្នកបកប្រែ ដែលកំពុង បន្តសាកសួរ ៕










