ភ្នំពេញ៖ មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប បានទទួលថវិកាចំនួន ៨៩ ៩៩៧,៥៦ដុល្លារអាមេរិកពីការចូលរួមឧបត្ថម្ភពីសប្បុរសជននានា តាមរយៈអង្គផ្កាប្រាក់មហាសាមគ្គី ឆ្នាំទី១៣ ដើម្បីជួយទ្រទ្រង់ដល់ដំណើរការផ្ដល់សេវាពិនិត្យ ព្យាបាល ថែទាំ និងសង្គ្រោះជីវិតកុមារកម្ពុជា ប្រកបដោយគុណភាព ក្ដីមេត្តាករុណា និងឥតគិតកម្រៃ។
នៅឆ្នាំ២០២៦នេះ ជាឆ្នាំទី១៣ដែល មន្ទីរពេទ្យកុមារអង្គរបានរៀបចំពិធីបុណ្យផ្កាប្រាក់មហាសាមគ្គីក្រោមការផ្ដួចផ្ដើមពីព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ រួមជាមួយព្រះមន្ត្រីសង្ឃគ្រប់លំដាប់ថ្នាក់ គណៈកម្មការអាចារ្យវត្ត ថ្នាក់ដឹកនាំខេត្ត រួមទាំងពុទ្ធបរិស័ទ និងសប្បុរសជនជិតឆ្ងាយ រួមនឹងក្រុមប្រឹក្សាភិបាល និងគណៈគ្រប់គ្រងមន្ទីរពេទ្យ។
លោក សោម សម្បត្តិ ប្រធានក្រុមប្រឹក្សាភិបាលមន្ទីរពេទ្យកុមារអង្គរ បានឱ្យដឹងនៅថ្ងៃទី០៨ ខែមិថុនានេះថា ថវិកាដែលទទួលបានពីការរៀបចំពិធីបុណ្យផ្កាប្រាក់នេះ គឺជាចំណែកសំខាន់បំផុតក្នុងការជួយសង្រ្គោះ ព្យាបាលនិងថែទាំដល់ជីវិតកុមារកម្ពុជា ប្រកបដោយគុណភាព ក្ដីមេត្តាករុណា និងឥតគិតកម្រៃ។ គិតមកដល់បច្ចុប្បន្នមន្ទីរពេទ្យនេះដំណើរការបានជាង ២៧ឆ្នាំហើយ និងបានជួយសង្គ្រោះ ពិនិត្យ និងព្យាបាលកុមារកម្ពុជាបានប្រមាណ៣លាននាក់។ លោកថា ប៉ុន្មានឆ្នាំចុងក្រោយនេះ មន្ទីរពេទ្យកុមារអង្គរ បានផ្ដល់សេវាពិនិត្យព្យាបាលកុមារក្នុងមួយខែៗប្រមាណ១ម៉ឺននាក់ដែលត្រូវការថវិកា ៥០ម៉ឺនដុល្លារក្នុងមួយខែ ឬ ៦លានដុល្លារក្នុងមួយឆ្នាំ។
មន្ទីរពេទ្យកុមារអង្គរ គឺជាស្ថាប័នមិនស្វែងរកប្រាក់ចំណេញ បានបង្កើតឡើងដោយជនជាតិជប៉ុន ជាអ្នកថតរូបម្នាក់តាំងពីឆ្នាំ១៩៩៩ ហើយក្រៅពីការផ្ដល់សេវាពិនិត្យព្យាបាលកុមារ មន្ទីរពេទ្យក៏បានចូលរួមធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពប្រជាពលរដ្ឋនៅតាមសហគមន៍ក្នុងខេត្តសៀមរាប តាមរយៈការចុះអប់រំសុខភាព និងពង្រឹងសមត្ថភាពមន្ត្រីសុខាភិបាលជាដើម។
សូមជម្រាបថា ក្នុងឱកាសអង្គផ្កាប្រាក់មហាសាមគ្គី ឆ្នាំទី១៣ កាលពីរសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦ នោះ លោក ឌី រ៉ាដូ អភិបាលរងខេត្ត តំណាងលោក ប្រាក់ សោភ័ណ អភិបាលខេត្ត បាននាំយកថវិការបស់រដ្ឋបាលខេត្តចំនួន២លានរៀលចូលរួមក្នុងពិធីនេះ ព្រមទាំងវត្តមានចូលរួមពីថ្នាក់ដឹកនាំអង្គភាពមន្ទីរនានាជាច្រើនទៀតផងដែរ៕. ដោយ សំរិត










