ហាណូយ៖ រដ្ឋាភិបាលវៀតណាមបានបញ្ជាឱ្យក្រុមហ៊ុនអាកាសចរណ៍ធំៗរបស់ខ្លួនពិនិត្យឡើងវិញនូវវឌ្ឍនភាពនៃកិច្ចព្រមព្រៀងទិញយន្តហោះ និងបរិក្ខារអាកាសចរណ៍ដែលមានតម្លៃរាប់ពាន់លានដុល្លារជាមួយ Boeing និង Pratt & Whitney ព្រមទាំងស្វែងរកឱកាសនាំចូលថ្មីៗពីក្រុមហ៊ុនអាមេរិក ដើម្បីពង្រឹងជំហររបស់ខ្លួនក្នុងកិច្ចចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។
យោងតាមឯកសាររបស់ក្រសួងសំណង់វៀតណាមចុះថ្ងៃទី ៥ ខែមិថុនា ដែលត្រូវបានពិនិត្យដោយ Reuters ការណែនាំនេះធ្វើឡើងតាមសំណើរបស់ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ដែលកំពុងដឹកនាំកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការបង្ហាញទៅកាន់ទីក្រុងវ៉ាស៊ីនតោនថា ការប្តេជ្ញាចិត្តពាណិជ្ជកម្មរវាងប្រទេសទាំងពីរកំពុងត្រូវបានអនុវត្តជាក់ស្តែង។
វិធានការនេះកើតឡើងបន្ទាប់ពីរដ្ឋបាលរបស់ប្រធានាធិបតី Donald Trump បានបើកការស៊ើបអង្កេតចំនួនបីដាច់ដោយឡែកពីគ្នាលើវៀតណាម ដោយចោទប្រកាន់ថាប្រទេសនេះបានបង្កឱ្យមានការបង្ខូចទ្រង់ទ្រាយពាណិជ្ជកម្ម តាមរយៈការផលិតលើសតម្រូវការ ការរំលោភកម្មសិទ្ធិបញ្ញា និងការប្រើប្រាស់ទំនិញដែលផលិតដោយកម្លាំងពលកម្មបង្ខំ។
ក្នុងឯកសារនោះ ក្រសួងបានស្នើឱ្យក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines, Vietjet Air និង Sun Phu Quoc Airways រាយការណ៍ពីវឌ្ឍនភាពនៃការអនុវត្តកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាជាមួយដៃគូអាមេរិក និងដាក់សំណើពង្រីកការនាំចូលសម្ភារៈ និងបច្ចេកវិទ្យាទំនើបពីសហរដ្ឋអាមេរិក។
ក្រុមហ៊ុន Vietnam Airlines និង Vietjet Air បានចុះកិច្ចព្រមព្រៀងរួមគ្នាទិញយន្តហោះចំនួន 250 គ្រឿងម៉ូដែល Boeing 737 MAX។ ចំណែក Sun Phu Quoc Airways ដែលជាអាជីវកម្មអាកាសចរណ៍របស់ Sun Group បានចុះកិច្ចសន្យាទិញយន្តហោះធុនធំចំនួន 40 គ្រឿងម៉ូដែល Boeing 787-9 Dreamliner។
ក្រៅពីនេះ Vietjet ក៏មានកិច្ចសន្យាជាមួយ Pratt & Whitney ដែលជាផ្នែកមួយនៃ RTX Corporation សម្រាប់ផ្គត់ផ្គង់ម៉ាស៊ីនយន្តហោះដល់កងនាវាអាកាសរបស់ខ្លួនផងដែរ។
ទន្ទឹមនឹងនេះ ការនាំចេញរបស់វៀតណាមទៅកាន់សហរដ្ឋអាមេរិកបានកើនឡើងយ៉ាងខ្លាំង។ ទិន្នន័យអាមេរិកបង្ហាញថា ឱនភាពពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកជាមួយវៀតណាមបានឈានដល់ 54.8 ពាន់លានដុល្លារក្នុងត្រីមាសទីមួយឆ្នាំនេះ ដែលជាកម្រិតខ្ពស់បំផុតទីពីរ បន្ទាប់ពី តៃវ៉ាន់ ហើយខ្ពស់ជាងឱនភាពជាមួយ ប្រទេសចិន និងម៉ិកស៊ិក ទៀតផង។
រដ្ឋបាល Trump បានបញ្ជាក់ជាញឹកញាប់ថា គោលដៅសំខាន់មួយរបស់ខ្លួនគឺកាត់បន្ថយឱនភាពពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកជាមួយដៃគូពាណិជ្ជកម្មធំៗនៅជុំវិញពិភពលោក៕










