អង្គការសិទ្ធិមនុស្ស អង្គការសហប្រជាជាតិស្នើរ អាមេរិកដកទណ្ឌកម្មដែលដាក់លើគុយបាក្នុងឆ្នាំនេះ

ចែករំលែក៖

សារព័ត៌មាន AFP បានផ្សាយថា កាលពីថ្ងៃចន្ទ ទី៨ ខែមិថុនា ឆ្នាំ២០២៦ ប្រមុខសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញវិញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលត្រូវបានដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ ហើយបានព្រមានថា ពួកវាកំពុងបង្កើនទុក្ខវេទនាខ្លាំងនិងគំរាមកំហែងដល់អាយុជីវិត។
ស្របពេលដែលគុយបាបានស្ថិតក្រោមការហ៊ុមព័ទ្ធពាណិជ្ជកម្មរបស់អាមេរិក ចាប់តាំងតែពីឆ្នាំ១៩៦២មក ប្រធានាធិបតី លោក ដូណាល់ ត្រាំ បានបង្កើនសម្ពាធបន្ថែមយ៉ាងគំហុក អំឡុងពេលប៉ុន្មានខែចុងក្រោយនេះ ដោយបានរាំងខ្ទប់លំហូរផ្គត់ផ្គង់ឥន្ធនៈ និងព្រមានគ្រប់គ្រងប្រទេសដែនកោះមួយនេះ។
ឧត្តមស្នងការ UN ទទួលបន្ទុកសិទ្ធិមនុស្ស លោក Volker Turk បានលើកឡើងថា ការរឹតត្បិតប្រេងឥន្ធនៈតាំងតែពីដើមឆ្នាំ២០២៦នេះ បូករួមជាមួយការរឹតបន្តឹងទណ្ឌកម្មមួយចំនួនថែមទៀត កំពុងបង្កគ្រោះថ្នាកដោយផ្ទាល់ចំពោះប្រជាជនគុយបា ជាពិសេសអ្នកងាយរងគ្រោះ។ លោក Turk បានបន្តថា កុមារកំពុងតែបាត់បង់ជីវិត ដោយសារក្រុមគ្រូពេទ្យខ្វះខាត សម្ភារវេជ្ជសាស្រ្តនិងឱសថ ដែលជារឿងមិនអាចទទួលយកបាន ដូច្នេះហើយទណ្ឌកម្មទាំងនេះ ត្រូវតែដកចេញវិញជាបន្ទាន់។
ប្រមុខសិទ្ធិមនុស្ស UN បាននិយាយថា ការបិទខ្ទប់លំហូរប្រេងដោយអាមេរិក បានធ្វើឱ្យគុយបាជួបបញ្ហាដាច់ភ្លើងស្ទើររៀងរាល់ថ្ងៃ ហើយជារឿយៗដាច់ម្តង គឺលើស២០ម៉ោង។ ម៉្យាងវិញទៀត ទណ្ឌកម្មមួយចំនួនបន្ថែម ដែលទើបត្រូវបានដាក់ថ្មីៗ ក្នុងនោះមានខ្លះប៉ះពាល់ដល់ទាំងក្រុមហ៊ុននៅបរទេសដែលទាក់ទងជាមួយគុយបា បានធ្វើឱ្យស្ថានការណ៍លំបាក កាន់តែយ៉ាប់យ៉ឺនថែមទៀត។
លោក Turk បានរំលេចអំពីទុក្ខលំបាកដែលបានកើនឡើង ចាប់តាំងពីការរឹតត្បិតលំហូរឥន្ធនៈរបស់អាមេរិក ត្រូវបានអនុវត្ត ដូចជាការកើនឡើងទ្វេដងនៃអត្រាមរណភាពទារក និងការថយចុះនៃអត្រាសង្ឃឹមរស់របស់កុមារកើតជំងឺមហារីក ដោយសារសេវាសុខាភិបាល ស្ថិតក្រោមសម្ពាធខ្លាំង។ មិនតែប៉ុណ្ណោះ ការផលិតស្បៀងអាហារ បានថយចុះ៦០ភាគរយ ហើយតម្លៃម្ហូបអាហារទូទៅ បានហក់ឡើងខ្ពស់។
លោក ត្រាំ បានបង្កើនសម្ពាធប្រឆាំងគុយបា ដោយចោទថា របបដឹកនាំកុម្មុយនីស្តរបស់ប្រទេសដែនកោះនៅតំបន់សមុទ្រ Caribbean មួយនេះ គំរាមកំហែងសន្តិសុខរបស់អាមេរិក។ លោកធ្លាប់លើកឡើងជាច្រើនដងថា គុយបានឹងជាប្រទេសបន្ទាប់ដែលត្រូវដួលរលំ ក្រោយការចាប់ខ្លួនប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro កាលពីខែមករា និងការបំផ្ទុះសង្រ្គាមប្រឆាំងអ៉ីរ៉ង់ កាលពីចុងខែកុម្ភៈ៕

រូប​ថត​:AGO

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print