មុខសញ្ញាធ្លាប់ជាប់គុក ៣ដង ស្ពាយកាបូបលាក់កាំបិតប៉័ងតោនិងសាំងដើរក្បែរទីតាំងប្រារព្ធពិធី ត្រូវសមត្ថកិច្ចឆែកឆេរឃាត់ខ្លួន

ចែករំលែក៖

ខេត្តកណ្តាល÷បុរសម្នាក់ដែលជាមុខសញ្ញាធ្លាប់ជាប់ ពន្ធនាគារចំនួន ៣លើក និងមានសារធាតុញៀនក្នុងខ្លួន ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះប្រចាំការឆែកឆេរ និងឃាត់ខ្លួនភ្លាមៗ ក្រោយប្រទះឃើញជននេះស្ពាយកាបូបលាក់ទុកកាំបិតប៉័ងតោ កំប៉ុងហ្គាស និងសាំង ដើរនៅក្បែរទីតាំងប្រារព្ធពិធីសំណេះសំណាលរបស់ថ្នាក់ដឹក នាំ។ ប្រតិបត្តិការឃាត់ខ្លួននេះបានធ្វើឡើងកាលពីថ្ងៃទី ៦ មិថុនា ២០២៦ វេលាម៉ោង ៦ និង៣០នាទី នៅតាម ផ្លូវ២១ មុខមន្ទីរបក្ស ស្ថិតក្នុងភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ ឲ្យដឹងថា ជនសង្ស័យមានឈ្មោះ អឿន គឹមលាង ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មានមុខរបរមិនពិតប្រាកដ ស្នាក់នៅខណ្ឌដូនពេញ រាជធានីភ្នំពេញ និងមានសារធាតុញៀនក្នុងទឹកនោមវិជ្ជមាន ព្រមទាំងធ្លាប់ជាប់ពន្ធនាគារចំនួន ៣លើកក្នុងករណីរក្សាទុកគ្រឿង ញៀន។ នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន កាំបិតប៉័ងតោ ១,កំប៉ុងហ្គាស ៣,សាំងកន្លះលីត្រ និងកាបូបស្ពាយ ២ពណ៌ខ្មៅនិងខៀវ។

លោកអធិការបានបន្តថា មុនពេលឈានដល់ការឃាត់ ខ្លួន កម្លាំងសមត្ថកិច្ចនគរបាលក្រុងតាខ្មៅបានសហការជាមួយកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលនិងកម្លាំងកងរាជអាវុធហត្ថខេត្តកណ្ដាល ដើម្បីរៀបចំសណ្ដាប់ធ្នាប់នៅតាមដងផ្លូវ ដោយសារមានក្បួនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចុះមកជួបសំណេះសំណាលជាមួយមន្ត្រីស៊ីវិលនៅមន្ទីរបក្សខេត្តកណ្ដាល។ ពេលនោះ ក៏លេចមុខជនសង្ស័យខាងលើបានដើរមកដោយមានស្ពាយកាបូប និងយួរកាបូប ដែលបង្កឲ្យមានការសង្ស័យ ទើបកម្លាំងសមត្ថកិច្ចសុំឆែកឆេរ ស្រាប់តែរកឃើញសម្ភារៈអាវុធ និងសាំងខាងលើ ហើយក៏បានធ្វើការឃាត់ខ្លួនបញ្ជូនទៅប៉ុស្តិ៍នគរបាលរដ្ឋបាលរកាខ្ពស់ដើម្បីសួរនាំតែម្ដង។

លោកអធិការបានបញ្ជាក់ថា នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានរក្សា ទុកកាំបិតប៉័ងតោ កំប៉ុងហ្គាស សាំង និងកាបូប ស្ពាយទាំងនោះ ដើម្បីយកទុកប្រើប្រាស់ប្រាកដមែន។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនមកឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print