ខេត្តមណ្ឌលគិរី៖ មន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃភ្នំព្រេច-លំផាត់ ភូមិសាស្ត្រស្រុកកោះញែក ខេត្តមណ្ឌលគិរី ចុះល្បាត ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដកហូតឈើអារប្រភេទលេខ១ (សុក្រំ) ជិត ១៥០កំណាត់ រួមទាំងគោយន្តកន្ត្រៃ និងម៉ូតូជាច្រើនគ្រឿង។
ការចុះបង្ក្រាបនេះប្រើពេលអស់ ៨ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦ ដឹកនាំដោយលោក ឌិន ប៊ុនថាច ប្រធានការិយាល័យដែនជម្រកសត្វព្រៃភ្នំព្រេច-លំផាត់ ស្ថិតក្នុងភូមិសាស្ត្រភូមិជីក្លប ឃុំសុខសាន្ត ស្រុកកោះញែក ទៅល្បាតដល់ចំណុចដៃអូរជាវ មន្ត្រីជំនាញបានប្រទះឃើញជនសង្ស័យមួយក្រុមមានគ្នាចំនួន ១១នាក់ កំពុងបើកបរគោយន្តកន្ត្រៃសណ្តោងរម៉កចំនួន ០៤គ្រឿង ដឹកជញ្ជូនឈើអារប្រភេទសុក្រំ។
នៅពេលឃើញសមត្ថកិច្ច ក្រុមជនសង្ស័យបានបើកគោយន្តគេចខ្លួនរហូតដល់ចំណុចត្រពាំងកណ្តោល ដោយសារស្ថានភាពផ្លូវផុងខ្លាំង ក្រុមជនសង្ស័យបានស្រាយខ្សែពួរទម្លាក់ឈើចោល ហើយបានបន្សល់ទុកម៉ូតូម៉ាក Wave ពណ៌ស គ្មានស្លាកលេខ ០១គ្រឿង រួចបើកគោយន្តបន្តទៅមុខ។ មន្ត្រីជំនាញបានដេញតាមរហូតដល់ចំណុចស្រែប៉ាង ក៏រកឃើញគោយន្តកន្ត្រៃចំនួន ០៣គ្រឿង ដែលជនល្មើសយកទៅលាក់ក្នុងព្រៃ រួចរត់គេចខ្លួនបាត់ស្រមោល។ ដោយឡែក គោយន្ត ០១គ្រឿងទៀត បានរត់គេចរួច ដោយសារកម្លាំងមន្ត្រីមានចំនួនតិច និងស្ថានភាពមេឃងងឹតខ្លាំង។
វត្ថុតាងគោយន្ត ០៣គ្រឿង និងម៉ូតូ ០១គ្រឿង ឈើ ១៥០កំណាត់ ស្មើ ៤ ,៣៦១ ម៉ែត្រគូប ហើយកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕










