ខេត្តព្រះសីហនុ ៖ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំរបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលណែនាំជាប្រចាំរបស់ឧត្តមសេនីយ៍ ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសព្រហ្មទណ្ឌជាបន្តបន្ទាប់ កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានស្រាវជ្រាវបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យសរុប ៥នាក់ (ស្រី ១នាក់) ពាក់ព័ន្ធនឹងករណីលួច និងប៉ុនប៉ងលួច ចំនួន ៤ករណី ដោយដកហូតបានវត្ថុតាង និងសម្ភារមួយចំនួន ។
ករណីទី១ ៖ អំពើលួចម៉ូតូ សមត្ថកិច្ចបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ២នាក់ គឺឈ្មោះ ផេង ម៉េង អាយុ ១៩ឆ្នាំ និងឈ្មោះ គឹម ឆវ័ន្ត ហៅ អាណាង អាយុ ១៦ឆ្នាំ ពាក់ព័ន្ធករណីលួចម៉ូតូម៉ាក SUZUKI NEX C110 របស់ជនរងគ្រោះឈ្មោះ រិទ្ធ ខន កាលពីថ្ងៃទី២៥ ខែ ឧសភា ឆ្នាំ២០២៦ នៅសង្កាត់លេខ១ ក្រុងព្រះសីហនុ ។ ជនសង្ស័យម្នាក់ទៀតកំពុងរត់គេចខ្លួន ហើយសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវចាប់ខ្លួន ។
ករណីទី២ ៖ អំពើលួចទូរស័ព្ទ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ ២០២៦ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យឈ្មោះ លី គីមហុង ភេទស្រី អាយុ ១៩ឆ្នាំ ពាក់ព័ន្ធករណីលួចទូរស័ព្ទម៉ាក iPhone 17 Pro Max នៅក្នុងហាងលក់សម្លៀកបំពាក់មួយ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ។ សមត្ថកិច្ចបានដកហូតទូរស័ព្ទប្រគល់ជូនម្ចាស់ដើមវិញ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ។
ករណីទី៣ ៖ អំពើលួចមានស្ថានទម្ងន់ទោស (គាស់ទម្លុះទម្លាយលួចទូរស័ព្ទ និង IPAD) សមត្ថកិច្ចបានស្រាវជ្រាវបង្ក្រាបករណីលួចធំចំនួន ២ករណី ដែលកើតឡើងនៅសង្កាត់លេខ១ និងសង្កាត់លេខ២ ក្រុងព្រះសីហនុ ដោយឃាត់ខ្លួនជនសង្ស័យឈ្មោះ ម៉ន សោភា អាយុ ៣៣ឆ្នាំ ដែលជាអ្នកជួយដឹកជញ្ជូន និងលក់សម្ភារលួចបាន ។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតទូរស័ព្ទដៃជាច្រើនគ្រឿង, IPAD និងសម្ភារពាក់ព័ន្ធមួយចំនួន ដើម្បីប្រគល់ជូនម្ចាស់ដើម និងបន្តស្រាវជ្រាវចាប់ខ្លួនបក្ខពួកដែលកំពុងគេចខ្លួន ។
ករណីទី៤ ៖ ប៉ុនប៉ងលួចខ្សែភ្លើង និងដែក
នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យឈ្មោះ ហួន ឡា អាយុ ៣៧ឆ្នាំ ពាក់ព័ន្ធករណីប៉ុនប៉ងលួចសម្ភារក្នុងអគារជីនប៉ី៤ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខណៈបក្ខពួកម្នាក់ទៀតបានរត់គេចខ្លួន ។
បច្ចុប្បន្ន ជនសង្ស័យទាំងអស់ត្រូវបានការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សូមអំពាវនាវដល់ប្រជាពលរដ្ឋ បន្តចូលរួមផ្តល់ព័ត៌មានដល់សមត្ថកិច្ច ដើម្បីរួមគ្នាទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទឱ្យកាន់តែមានប្រសិទ្ធភាព ៕










