ភ្នំពេញ៖ នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានចុះអនុស្សរណៈយោគយល់គ្នាជាមួយក្រុមហ៊ុនធំក្នុងស្រុកចំនួន២រយៈ ពេលវែងដើម្បីជួយទ្រទ្រង់ដល់សកម្មភាពនៃព្រឹត្តិការណ៍ប្រកួតកីឡាជាតិចាប់ពីឆ្នាំ ២០១៦ទៀតដល់ឆ្នាំ២០២០ដោយមិនអាចគណនាតម្លៃទឹកប្រាក់បានភ្លាមៗទេ។ នេះ បើតាមការលើកឡើងរបស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាថ្លែងក្នុងពិធីចុះ MOU ខាងលើនេះនៅទីស្នាក់ការ NOCC ដោយ មានការចូលរួមពីតំណាងក្រសួងអប់រំយុវជននិងកីឡាតំណាងសហព័ន្ធកីឡាជាតិ និងតំណាងក្រុមហ៊ុនផងដែរ ។
លោកអគ្គលេខាធិការមានប្រសាសន៍ ថា ចំពោះពិធីចុះអនុស្សរណៈយោគយល់ គ្នារវាងក្រុមហ៊ុនស្រាបៀរកម្ពុជានិងក្រុមហ៊ុន Smart ជាមួយនឹងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានេះគឺក្នុងគោលបំណងជួយឧបត្ថម្ភគាំទ្រដល់ព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកដំបូងនិងបន្តរហូតដល់ឆ្នាំ២០២០គឺជាព្រឹត្តិការណ៍លើកទី៤មុនចូលដល់ កីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ដែលព្រះរាជាណាចក្រកម្ពុជាទទួលបានសិទ្ធិរៀបចំការប្រកួតកីឡាថ្នាក់តំបន់នេះ។ លោក បានបន្តទៀតថា ពិតណាស់កម្មវិធីប្រកួត កីឡាធំមួយអាចដំណើរការទៅបានគឺចាំបាច់ត្រូវការក្រុមហ៊ុនឯកជនជួយឧបត្ថម្ភ ហើយក្រុមហ៊ុនក៏ទទួលបានមកវិញនូវការ ផ្សព្វផ្សាយផលិតផលរបស់ខ្លួនតាមរយៈព្រឹត្តិការណ៍កីឡានេះផងដែរ។
ពាក់ព័ន្ធនឹងខ្លឹមសារក្នុងអនុស្សរណៈខាងលើលោក វ៉ាត់ ចំរើន បានបញ្ជាក់ថា យើងមិនអាចគិតជាទឹកប្រាក់សុទ្ធបានទេ ព្រោះការជួយរបស់ក្រុមហ៊ុនបានចែកជា២ដំណាក់កាល ទី១ជួយលើផ្នែកតុបតែង លម្អនៅកន្លែងកម្មវិធីប្រកួត, ទី២ជួយដល់ ផ្នែកសម្ភារ, ទី៣ជួយជាថវិកាចំណាយ ផ្សេងៗ ទាំងនេះហើយទើបយើងមិនអាចគណនានូវទំហំទឹកប្រាក់សរុបថា តើក្រុម ហ៊ុនត្រូវជួយប៉ុន្មាននោះ ។
លោកបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួត កីឡាមួយត្រូវចំណាយថវិកាអស់ច្រើនណាស់ ម្យ៉ាងទៀតវាគឺរឿងសម្ងាត់រវាង ភាគី NOCC នឹងក្រុមហ៊ុន។ ចំពោះកាល បរិច្ឆេទនៃកម្មវិធីបើកការប្រកួតកីឡាជាតិ (National Games)គឺប្រារព្ធធ្វើនៅថ្ងៃទី២៥ខែតុលាឆ្នាំ២០១៦ នៅក្នុងពហុកីឡដ្ឋានជាតិ ដែលគ្រោងអញ្ជើញសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាធ្វើជាអធិ បតីភាពដ៏ខ្ពង់ខ្ពស់ និងពិធីបិទការប្រកួតគ្រោងអញ្ជើញលោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការអចិន្ត្រៃយ៍រៀបចំការប្រកួតកីឡាជាតិនាយប់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ។
កម្មវិធីនេះមានគម្រោងឲ្យប្រជាពលរដ្ឋចូលទស្សនាទាំងភ្ញៀវជាតិនិងអន្តរជាតិ ពី៥ម៉ឺននាក់ទៅ៦ម៉ឺននាក់ អមដោយកម្មវិធី សម្តែងយ៉ាងសំបូរបែបដូចជាការសម្តែង ក្បាច់គុនល្បុក្កតោពីសំណាក់កងទ័ពការ សម្តែងរបស់ក្រុមគរុសិស្សពីសាលាកីឡា ការសម្តែងរបស់ក្រុមសិល្បៈនៃក្រសួងវប្បធម៌ផែនសិល្បៈនេះបែងចែកជា២ដំណាក់កាលធំៗដែលក្នុងមួយផែនៗអាចមាន មនុស្សប្រហែលជា៣០០នាក់ ក្បួនហែទង់ជាតិដោយក្រុមកងទ័ពក្នុងសម្លៀកបំពាក់ពណ៌សក្បួនហែទង់កីឡាជាតិ ដោយក្រុម កីឡាករកីឡាការិនីល្បីៗនិងក្បួនហែទង់ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដោយព្រឹទ្ធាចារ្យកីឡាដែលធ្លាប់មានស្នាដៃផងដែរ៕
ដោយ៖ សារីម