ប្រធានក្រុមបាល់ទាត់ជម្រើសជាតិជប៉ុន Wataru Endo ត្រូវបានដកចេញពីការប្រកួត FIFA World Cup ដោយសារបញ្ហារបួស ហើយបានប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិ កាលពីថ្ងៃព្រហស្បតិ៍ មុនការប្រកួតបើកឆាករបស់ជប៉ុនជាមួយក្រុមហូឡង់ត្រឹមតែបីថ្ងៃប៉ុណ្ណោះ។
ខ្សែបម្រើរបស់ហង្សក្រហមLiverpool វ័យ ៣៣ ឆ្នាំរូបនេះ មិនអាចជាសះស្បើយទាន់ពេលពីរបួសប្រអប់ជើងបានទេ ដែលបង្ខំឱ្យគេដកខ្លួនចេញពីព្រឹត្តិការណ៍ World Cup។ ជំនួសមកវិញ ក្រុមជម្រើសជាតិជប៉ុនបានកោះហៅកីឡាករ Shuto Machino ខ្សែប្រយុទ្ធរបស់ Borussia Monchengladbach ចូលរួមក្នុងបញ្ជីកីឡាករ។
នៅក្នុងសារបង្ហោះលើបណ្ដាញសង្គម X កីឡាករ Endo បានបង្ហាញអារម្មណ៍ខកចិត្តយ៉ាងខ្លាំងដែលមិនអាចជួយក្រុមនៅ World Cup បាន ប៉ុន្តែបានអំពាវនាវឱ្យអ្នកគាំទ្របន្តជឿជាក់លើក្រុមជប៉ុនក្នុងពូល F ដែលត្រូវជួបក្រុម ហូឡង់ ទុយនីស៊ី និងស៊ុយអែត។
Endoបានសរសេរថា៖ «ថ្ងៃណាមួយនៅពេលអនាគត ជប៉ុនពិតជានឹងឈ្នះពាន World Cup។ ដូច្នេះសូមយើងទាំងអស់គ្នាជឿជាក់ និងគាំទ្រក្រុមជាតិបន្តទៀត»។
គាត់បានបន្ថែមថា៖ «ខ្ញុំបានសម្រេចចិត្តចូលនិវត្តន៍ពីក្រុមជម្រើសជាតិហើយ។ ចាប់ពីពេលនេះតទៅ ខ្ញុំនឹងគាំទ្រក្រុមជប៉ុនក្នុងនាមជាអ្នកគាំទ្រម្នាក់ដូចគ្នា»។
Endo បានរងរបួសធ្ងន់នៅប្រអប់ជើងអំឡុងការប្រកួតឱ្យ Liverpool ទល់នឹងក្រុម Sunderland AFC កាលពីខែកុម្ភៈ ដែលបណ្តាលឱ្យបញ្ចប់រដូវកាលរបស់គេមុនកាលកំណត់។ ទោះជាយ៉ាងណា គេបានវិលត្រឡប់មកលេងឱ្យជប៉ុនវិញក្នុងជ័យជម្នះ ១-០ លើក្រុម អ៊ីស្លង់ក្នុងការប្រកួតមិត្តភាពនៅទីក្រុងតូក្យូ កាលពីថ្ងៃទី៣១ ខែឧសភា។
ប៉ុន្តែ ក្រោយប្តូរចេញនៅចុងតង់ទី១ អាការៈឈឺចាប់នៅតែបន្តកើតមានក្នុងអំឡុងជំរំហ្វឹកហាត់មុន World Cup នៅប្រទេសម៉ិកស៊ិក ហើយគេមិនអាចចូលរួមហ្វឹកហាត់ពេញលេញជាមួយក្រុមបានឡើយ។
ទោះបីបានចូលរួមហ្វឹកហាត់ខ្លះៗនៅមូលដ្ឋានរបស់ជប៉ុនក្នុងទីក្រុង Nashville ក៏ដោយ Endo នៅតែមិនអាចស្តារកម្លាំងរាងកាយឱ្យបានពេញលេញទាន់ពេលសម្រាប់ការប្រកួត World Cup នេះ៕
លោកបាននិយាយថា៖ «ខ្ញុំបានប្រឹងប្រែងអស់ពីសមត្ថភាពចាប់តាំងពីរងរបួស ដូច្នេះខ្ញុំគ្មានអ្វីត្រូវសោកស្តាយឡើយ។ ពិតណាស់ ខ្ញុំខកចិត្តដែលមិនអាចលេងនៅ World Cup លើកនេះ ប៉ុន្តែខ្ញុំមានមោទនភាពដែលបានធ្វើជាប្រធានក្រុមចាប់តាំងពី World Cup នៅកាតារ និងបានជួយអភិវឌ្ឍក្រុមរហូតដល់អាចនិយាយដោយទំនុកចិត្តថា គោលដៅរបស់យើងគឺឈ្នះ World Cup»។
Endo បានបង្ហាញខ្លួនលើកដំបូងឱ្យក្រុមជម្រើសជាតិជប៉ុនក្នុងឆ្នាំ ២០១៥ និងបញ្ចប់អាជីពអន្តរជាតិជាមួយការបង្ហាញខ្លួនចំនួន ៧៣ ប្រកួត និងស៊ុតបញ្ចូលទីបាន ៤ គ្រាប់។
គេក៏ជាសមាជិកក្រុមជប៉ុននៅ World Cup ឆ្នាំ ២០១៨ និង ២០២២ ហើយបានចូលរួមក្នុងជ័យជម្នះដ៏ភ្ញាក់ផ្អើលរបស់ជប៉ុនលើក្រុម Germany និង Spain នៅប្រទេសកាតារផងដែរ។










