សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី អញ្ជើញសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង-ស្រុក-ឃុំ-សង្កាត់និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្ត បាត់ដំបង និងខេត្តប៉ៃលិន

ចែករំលែក៖

ខេត្តបាត់ដំបង​-ប៉ៃលិន​៖​ សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃ ព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២៦នេះ បានបន្តបេសកកម្ម ចុះជួបសំណេះសំណាល ជាមួយ ក្រុមប្រឹក្សាខេត្ត-ក្រុង-ស្រុក-ឃុំ-សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញ ខេត្តបាត់ដំបង និងខេត្តប៉ៃលិន ដែលពិធីនេះបានប្រារព្ធធ្វើរួមគ្នា នៅលើទឹកដី នៃខេត្តបាត់ដំបង ដែលនេះគឺជាគោលដៅទី១៥ហើយ នៃកម្មវិធីចុះជួបមន្ត្រីមូលដ្ឋានរបស់សម្តេចតេជោ។

សូមបញ្ជាក់ថា ដំណើរចុះមូលដ្ឋានរបស់ សម្តេចតេជោ ធ្វើឡើងក្នុងគោលបំណងពង្រឹងទំនាក់ទំនងរវាងស្ថាប័នព្រឹទ្ធសភា និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងតាមដានវឌ្ឍនភាព នៃការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល នៅថ្នាក់មូលដ្ឋាន សំដៅលើកកម្ពស់ប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈ និងការបម្រើប្រជាពលរដ្ឋ។ គ្រប់ជំនួបនៅតាមមូលដ្ឋាន ទាំងអស់ បានផ្តោតលើបញ្ហាសំខាន់ៗ ជាច្រើន រួមមាន ការពង្រឹងការងារ រដ្ឋបាលមូលដ្ឋាន, ការលើកកម្ពស់ គុណភាពសេវាសាធារណៈ ការថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងការអនុវត្ត គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព។ ជាមួយគ្នានេះ ក៏មានការជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធ បន្តបង្ក្រាបបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើស គ្រឿងញៀន បទល្មើស បច្ចេកវិទ្យា និងបទល្មើសឆ្លងដែន ជាដើម។រាល់កិច្ច សំណេះសំណាល សម្តេចតេជោ តែងតែលើកឡើងពី សារៈសំខាន់នៃការការពារ និងអភិរក្សធនធានធម្មជាតិ ការយកចិត្តទុកដាក់ ចំពោះអតីតយុទ្ធជន គ្រួសារយុទ្ធជនពលី និងគ្រួសារកងទ័ព ដែលកំពុងបំពេញភារកិច្ច ការពារបូរណភាពទឹកដី ព្រមទាំងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងការកែលម្អជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ទន្ទឹមនឹងនេះ អាជ្ញាធរមូលដ្ឋាន ត្រូវបន្តត្រៀមលក្ខណៈសម្រាប់ដំណើរការបោះឆ្នោតនាពេលខាងមុខ ដោយធានាឱ្យការងារចុះឈ្មោះ និងការផ្តល់ព័ត៌មាន ជូនប្រជាពលរដ្ឋប្រព្រឹត្តទៅដោយតម្លាភាព និងប្រសិទ្ធភាព។ ការលើកកម្ពស់តួនាទីស្ត្រីក្នុងភាពជាអ្នកដឹកនាំ និងការចូលរួម ក្នុងកិច្ចការសង្គម ក៏ត្រូវបានយកចិត្តទុកដាក់ ផងដែរ។ ដំណើរចុះជួប សំណេះសំណាលនេះ បានបង្ហាញពីការយកចិត្តទុកដាក់ របស់ថ្នាក់ដឹកនាំជាន់ខ្ពស់ ចំពោះការងារមូលដ្ឋាន និងការបន្តពង្រឹងសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីធានាការអភិវឌ្ឍ ប្រកបដោយចីរភាព និងការបម្រើប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print