SpaceX បង្កើតប្រវត្តិសាស្ត្រ IPO ធំបំផុតនៅអាមេរិក ដោយរៃអង្គាសបាន ៧៥ ពាន់លានដុល្លារ

ចែករំលែក៖

ក្រុមហ៊ុនអវកាស SpaceX របស់មហាសេដ្ឋី Elon Musk បានបង្កើតកំណត់ត្រាថ្មីក្នុងទីផ្សារហ៊ុនអាមេរិក បន្ទាប់ពីកំណត់តម្លៃលក់ភាគហ៊ុនដំបូងជាសាធារណៈ (IPO) នៅតម្លៃ ១៣៥ ដុល្លារក្នុងមួយហ៊ុន កាលពីថ្ងៃព្រហស្បតិ៍ ដែលធ្វើឱ្យក្រុមហ៊ុនក្លាយជាក្រុមហ៊ុនមានតម្លៃខ្ពស់បំផុតមួយនៅលើពិភពលោក។

ការលក់ភាគហ៊ុនចំនួន ៥៥៥,៥៦ លានហ៊ុន បានជួយឱ្យ SpaceX រៃអង្គាសទុនបានរហូតដល់ ៧៥ ពាន់លានដុល្លារ ដែលជាចំនួនខ្ពស់បំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ IPO របស់សហរដ្ឋអាមេរិក។ ការកំណត់តម្លៃនេះបានធ្វើឱ្យ SpaceX មានតម្លៃទីផ្សារសរុបប្រមាណ ១,៧៧ ទ្រីលានដុល្លារ។

នៅពេលភាគហ៊ុនចាប់ផ្តើមជួញដូរនៅផ្សារហ៊ុន Nasdaq នៅថ្ងៃសុក្រ SpaceX នឹងក្លាយជាក្រុមហ៊ុនធំជាងគេទី៧ ក្នុងចំណោមក្រុមហ៊ុនចុះបញ្ជីនៅសហរដ្ឋអាមេរិក បើទោះបីជាក្រុមហ៊ុនបានខាតបង់ក្នុងឆ្នាំមុន និងមានចំណូលទាបជាងក្រុមហ៊ុនបច្ចេកវិទ្យាយក្សជាច្រើនក៏ដោយ។

តម្លៃទីផ្សាររបស់ SpaceX ពេលនេះខ្ពស់ជាងក្រុមហ៊ុនធំៗជាច្រើន រួមមាន JPMorgan Chase, Berkshire Hathaway ហើយ Eli Lilly ក៏ដូចជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សដូចជា Meta Platforms និង Tesla ដែលជាក្រុមហ៊ុនរថយន្តអគ្គិសនីរបស់ Elon Musk ផ្ទាល់ផងដែរ។

អ្នកវិភាគហិរញ្ញវត្ថុជាច្រើនបានលើកឡើងថា ការសាកល្បងពិតប្រាកដនឹងកើតឡើងបន្ទាប់ពីភាគហ៊ុនចាប់ផ្តើមជួញដូរ ដើម្បីមើលថាតើទីផ្សារអាចគាំទ្រតម្លៃដ៏ខ្ពស់នេះបានដែរឬទេ។

កំណត់ត្រាថ្មីរបស់ SpaceX បានវ៉ាដាច់កំណត់ត្រាចាស់របស់ក្រុមហ៊ុន Aramco ដែលធ្លាប់រៃអង្គាសបាន ២៥,៦ ពាន់លានដុល្លារ ក្នុង IPO កាលពីឆ្នាំ ២០១៩ និងមានតម្លៃទីផ្សារ ១,៧១ ទ្រីលានដុល្លារ។

លោក Elon Musk បានអនុវត្តយុទ្ធសាស្ត្រខុសប្លែកពីការចុះបញ្ជីភាគហ៊ុនធម្មតា ដោយបម្រុងទុកភាគហ៊ុន ៣០% សម្រាប់វិនិយោគិនរាយ និងប្រកាសតម្លៃ IPO មុនបញ្ចប់ដំណើរការពិភាក្សាតម្លៃជាមួយវិនិយោគិន ដែលជារឿងកម្រកើតមាននៅ Wall Street។

ក្រោយ IPO នេះ Musk នឹងនៅតែគ្រប់គ្រងក្រុមហ៊ុនយ៉ាងរឹងមាំ ដោយកាន់កាប់សិទ្ធិបោះឆ្នោតប្រមាណ ៨២% នៃក្រុមហ៊ុន។

SpaceX ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០២ ដោយមានបេសកកម្មអភិវឌ្ឍបច្ចេកវិទ្យាអវកាស ដើម្បីធ្វើឱ្យមនុស្សអាចរស់នៅលើភពផ្សេងៗនាពេលអនាគត។ ក្រុមហ៊ុនបានអះអាងថា ទីផ្សារសក្តានុពលរបស់ខ្លួនមានទំហំរហូតដល់ ២៨,៥ ទ្រីលានដុល្លារ ដែលជាឱកាសអាជីវកម្មធំបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។

...

បច្ចុប្បន្ន ប្រភពចំណូលសំខាន់របស់ SpaceX មកពីសេវាអ៊ីនធឺណិតផ្កាយរណប Starlink ដែលផ្តល់សេវាកម្មដល់អតិថិជនរាប់លាននាក់នៅក្នុង ១៦៤ ប្រទេស និងដែនដីជុំវិញពិភពលោក៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print