កីឡាករជម្រើសជាតិអង់គ្លេសជាច្រើនរូប ដឹកនាំដោយ Jude Bellingham បានទៅកាត់សក់ និងរៀបចំរូបរាងជាមួយជាងសក់ល្បីឈ្មោះរបស់ Lionel Messi មុនការប្រកួតបើកឆាក FIFA World Cup 2026។
ជាងកាត់សក់ល្បីឈ្មោះ លោក Luis Andres Rivera ដែលជាអ្នកទទួលខុសត្រូវលើស្ទីលសក់របស់ Messi មុនព្រឹត្តិការណ៍សំខាន់ៗ និងការប្រកួតធំៗ បានស្វាគមន៍កីឡាករអង់គ្លេសជាច្រើនរូបមកកាន់ហាងរបស់លោកនៅទីក្រុង Miami សហរដ្ឋអាមេរិក កាលពីព្រឹកថ្ងៃបន្ទាប់ពីអង់គ្លេសយកឈ្នះក្រុមកូស្តារីកា ៣-០ ក្នុងការប្រកួតមិត្តភាព។
តាមប្រភពព័ត៌មានថាកីឡាករ Jude Bellingham វ័យ ២២ ឆ្នាំ ដែលកំពុងលេងឱ្យ Real Madrid គឺជាមិត្តជិតស្និទ្ធរបស់ Rivera ហើយជាអ្នកបានជួយភ្ជាប់ទំនាក់ទំនងនេះ។
កីឡាករជាច្រើនរូបរបស់ក្រុម តោកំណាចអង់គ្លេស បានចូលរួមកាត់សក់ និងរៀបចំស្ទីលថ្មី មុនធ្វើដំណើរទៅកាន់ទីក្រុង Dallas សម្រាប់ការប្រកួតបើកឆាកទល់នឹងក្រុមក្រូអាត។
ក្នុងចំណោមកីឡាករដែលបានទទួលសេវាកម្មពីជាងសក់ល្បីរូបនេះ មាន Marcus Rashford, Kobbie Mainoo, Eberechi Eze, Reece James, Ollie Watkins, Marc Guehi, Bukayo Saka, Jarell Quansah, Nico O’Reilly, Jordan Pickford និង Elliot Anderson។
ក្រោយបញ្ចប់ការកាត់សក់ លោក Rivera បានបង្ហោះសារនៅលើ Instagram ដោយថ្លែងអំណរគុណដល់ Jude Bellingham ថា៖ «អរគុណបងប្អូនរបស់ខ្ញុំ Jude Bellingham ដែលបានទាក់ទងមកខ្ញុំ និងធ្វើឱ្យសុបិនមួយនេះក្លាយជាការពិត»។
ក្រុមជម្រើសជាតិអង់គ្លេសនឹងចាប់ផ្តើមយុទ្ធនាការ World Cup 2026 របស់ខ្លួននៅថ្ងៃទី 17 ខែមិថុនា ដោយត្រូវជួបក្រុម ក្រូអាត ក្នុងការប្រកួតបើកឆាក។
ការប្រកួតនឹងចាប់ផ្តើមនៅម៉ោង 9 យប់តាមម៉ោងចក្រភពអង់គ្លេស និងធ្វើឡើងនៅកីឡាដ្ឋាន AT&T Stadium ក្នុងទីក្រុង Arlington រដ្ឋ Texas សហរដ្ឋអាមេរិក៕










