មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នៅថ្ងៃទី១២ ខែមិថុនា បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់លោកក្នុងការ «តែងតែឈរជាមួយរុស្ស៊ី» នៅក្នុងសារដែលបានផ្ញើទៅកាន់ប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន។
នៅក្នុងសារអបអរសាទរទៅកាន់ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន នៅទិវាជាតិរុស្ស៊ី (ថ្ងៃទី១២ ខែមិថុនា) លោក គីម ជុងអ៊ុន បានសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះគោលនយោបាយក្នុងស្រុក និងការបរទេសរបស់ទីក្រុងមូស្គូ ។
យោងតាម KCNA មេដឹកនាំកូរ៉េខាងជើងរូបនេះបានបញ្ជាក់ថា ទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងត្រូវបានពង្រឹងទៅជាសម្ព័ន្ធភាពដោយផ្អែកលើសន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយបានសន្យាថានឹង «តែងតែឈរជាមួយ» រុស្ស៊ី ។
យោងតាម KCNA មន្ត្រីរុស្ស៊ី និងកូរ៉េខាងជើងបានទៅទស្សនាវិមាន និងទីបញ្ចុះសពរបស់ទាហានសូវៀតដែលបានស្លាប់ ដើម្បីរំលឹកដល់ទិវាជាតិរុស្ស៊ី ខណៈដែលស្ថានទូតរុស្ស៊ីបានរៀបចំពិធីទទួលស្វាគមន៍មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើង។
ទំនាក់ទំនងរវាងរុស្ស៊ី និងកូរ៉េខាងជើងកំពុងកាន់តែស៊ីជម្រៅ ខណៈដែលទីក្រុងព្យុងយ៉ាងបានដាក់ពង្រាយកងទ័ពរាប់ពាន់នាក់ដើម្បីគាំទ្ររុស្ស៊ីក្នុងសង្គ្រាមជាមួយអ៊ុយក្រែន។
មន្ត្រីនៅទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល បានចោទប្រកាន់ទីក្រុងព្យុងយ៉ាងថាបានផ្គត់ផ្គង់គ្រាប់កាំភ្លើងធំ មីស៊ីល និងសម្ភារៈយោធាផ្សេងទៀតសម្រាប់ប្រើប្រាស់នៅអ៊ុយក្រែន ទោះបីជាទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាងបានបដិសេធការផ្ទេរអាវុធក៏ដោយ។
នៅក្នុងខែមិថុនា ឆ្នាំ២០២៤ រុស្ស៊ី និងកូរ៉េខាងជើងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី ពូទីន ទៅកាន់ទីក្រុងព្យុងយ៉ាង ហើយបានយល់ព្រមបើកស្ពានផ្លូវដ៏សំខាន់មួយដែលតភ្ជាប់ប្រទេសទាំងពីរ៕

រូបថត:KCNA









