ភ្នំពេញ:អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបណ្ដេញរយៈពេលត្រឹម ១០ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ជនបរទេសសរុប ២,២៧៨នាក់ (ស្រី ២២៧នាក់) មាន ២៨សញ្ជាតិ ចេញពីព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធបទល្មើស និងការស្នាក់នៅខុសច្បាប់ផ្សេងៗ។ ក្នុងនោះ មានជនជាតិចិន ៦៣៥នាក់ និងជនជាតិវៀតណាម ១៨០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ខណៈអ្នកផ្សេងទៀតជាប់ពាក់ព័ន្ធករណីលួចឆ្លងដែន ប្រើឯកសារក្លែងក្លាយ ស្នាក់នៅខុសច្បាប់ និងបទល្មើសព្រហ្មទណ្ឌផ្សេងៗ។
ការបណ្ដេញចេញជនជាតិបរទេសខាងលើនេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់ សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងការទទួលដឹកនាំតម្រង់ទិសយ៉ាងមុតមាំបំផុតរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសំអាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យាដែលកើតមានក្នុងព្រះរាជាណាចក្រកមក្ពុជាទាំងអស់ ដើម្បីធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងនោះឡើយ ជាពិសេសចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជាការជួយសង្គ្រោះដល់ជនរងគ្រោះដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាណាមួយហើយត្រូវបានមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ៕ជ្រោយពេជ្រ










