អ្នកនាំពាក្យក្រសួង​ព័ត៌មាន​៖​ មន្ទីរព័ត៌មានដើរតួជាសេនាធិការជូនរដ្ឋបាលរាជធានី-ខេត្ត​ ក្នុងការពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន

ចែករំលែក៖

ខេត្តតាកែវ៖​ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន រួមជាមួយលោក គឹម ហុង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំតម្រង់ទិសស្តីពីការងារព័ត៌មាន និងសាធារណមតិ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តតាកែវ ដើម្បីពង្រឹងប្រសិទ្ធភាពការងារឱ្យកាន់តែប្រសើរឡើង។

អ្នកនាំពាក្យ​រូបនេះ​ បានបញ្ជាក់ថា ការពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មានទាំងក្នុងស្ថាប័នរដ្ឋ ឯកជន និងអ្នកផលិតមាតិកាឌីជីថល គឺជាយន្តការដ៏សំខាន់ក្នុងការចាប់យកព័ត៌មានពីមូលដ្ឋាន និងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ ដើម្បីឱ្យអាជ្ញាធរខេត្ត និងមន្ត្រីជំនាញអាចដោះស្រាយបានទាន់ពេលវេលា។

ជាមួយគ្នានេះ​ លោលអ្នកនាំពាក្យ ក៏បានជំរុញឱ្យមន្ទីរព័ត៌មាន បង្កើតបណ្តាញទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ដើម្បីធានាថា ព័ត៌មានត្រូវបានផ្ដល់ជូនត្រឹមត្រូវ និងទាន់ពេលវេលា។ យន្តការនេះនឹងជួយលុបបំបាត់ការផ្សព្វផ្សាយដែលបង្កឱ្យមានការភាន់ច្រឡំ និងរក្សាសណ្តាប់ធ្នាប់សង្គម។ ជាមួយគ្នានេះ មន្ទីរព័ត៌មានត្រូវដើរតួនាទីយ៉ាងសកម្មក្នុងការផលិតមាតិកាឌីជីថលថ្មីៗ ដែលផ្តោតលើការអភិវឌ្ឍខេត្ត ការយល់ដឹងពីសុខភាព និងការដោះស្រាយកង្វល់នានារបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព។

បន្ថែមពីនេះ​ លោកអ្នកនាំពាក្យ​ បានបញ្ជាក់ថា មន្ទីរព័ត៌មានដើរតួជាសេនាធិការជូនរដ្ឋបាលរាជធានី-ខេត្ត។ រាល់ហេតុការណ៍នានា មន្ទីរព័ត៌មានត្រូវតាមដាន និងរាយការណ៍ជូនថ្នាក់ដឹកនាំរាជធានី-ខេត្ត តាមរយៈអភិបាលរងទទួលបន្ទុក ដើម្បីសុំគោលការណ៍ណែនាំ ឈានទៅការបកស្រាយបំភ្លឺការពិតជូនសាធារណជនបានទាន់ពេលវេលា សម្រាប់លើការកសាងទំនាក់ទំនង និងការជឿទុកចិត្តពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ។

លោក​ ទេព​ អស្នារិទ្ធ បានគូសបញ្ជាក់ថា សេរីភាពសារព័ត៌មាននៅកម្ពុជាត្រូវបានវាយតម្លៃថាមានភាពល្អប្រសើរឈានឡើងជាបន្តបន្ទាប់ ទោះបីនៅមានចំណុចត្រូវពង្រឹង ដែលក្នុងនោះយើងត្រូវជំរុញការបន្តសហការគ្នារវាងតួអង្គពាក់ព័ន្ធទាំងអស់ ដើម្បីលើកកម្ពស់គុណភាពសារព័ត៌មាននៅកម្ពុជាឱ្យកាន់តែប្រសើរឡើងថែមទៀត។

...

នាឱកាស​នោះ​ដែរ​ លោក ឱក វណ្ណា អនុប្រធានមន្ទីរ និងជាប្រធានក្រុមការងារសាធារណមតិ តំណាងឱ្យប្រធានមន្ទីរព័ត៌មានខេត្តតាកែវ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដែលបានផ្ដល់អនុសាសន៍ និងតម្រង់ទិសការងារសាធារណមតិឱ្យកាន់តែមានប្រសិទ្ធភាព។ លោកបានចាត់ទុកការតម្រង់ទិសនេះថា ជាកត្តាសំខាន់ក្នុងការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការគ្រប់គ្រងសាធារណមតិនៅក្នុងខេត្តឱ្យកាន់តែល្អប្រសើរឡើង៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print