នៅពេល ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដាក់កម្មវិធីសំងាត់ដើម្បីចូលឈ្វេងយល់ពីជីវភាពការងារជាក់ស្ដែងរបស់មន្រ្តីប៉ុស្តិ៍នគរបាល

ចែករំលែក៖

ក្នុងដំណើរបំពេញបេសកកម្ម នៅខេត្តបាត់ដំបង កាលពីថ្ងៃចន្ទ ទី៨ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់កម្មវិធីការងារសំងាត់ចំនួន២ទីតាំង ក្នុងទឹកដីស្រុកថ្មគោល។ ដោយពុំបានជូនដំណឹងជាមុន ឯកឧត្តមអភិសន្តិបណ្ឌិត បានចូលទៅពិនិត្យជីវភាពការងារជាក់ស្ដែង របស់មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលរូងជ្រៃ និងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្មុំ។

នៅប៉ុស្តិ៍នគរបាលរដ្ឋបាលរូងជ្រៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងលើកទឹកចិត្តនាយ នាយរង និងមន្ត្រីប៉ុស្តិ៍ ដែលមានវត្តមានប្រចាំការ បំពេញការងារជាធម្មតា បន្ទាប់ពីសម្រាកអាហារថ្ងៃត្រង់។ 

ជំនួបពិភាក្សារវាង ឯកឧត្តមអភិសន្តិបណ្ឌិត និងមន្ត្រីនគរបាលប៉ុស្តិ៍រូងជ្រៃ បានប្រព្រឹត្តទៅក្នុងបរិយាកាសប្រកបដោយភាពស្និទ្ធស្នាលបំផុត។ ឯកឧត្តមអភិសន្តិបណ្ឌិត បានទទួលព័ត៌មានមួយចំនួន អំពីការងារសន្តិសុខ និងសណ្ដាប់ធ្នាប់ ការងារសេវាអត្តសញ្ញាណកម្ម និងស្ថិតិ ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ធនធានមនុស្ស សម្ភារៈ និងមធ្យោបាយបំពេញការងារជាដើម។ 

ថ្នាក់ដឹកនាំ និងមន្ត្រីប៉ុស្តិ៍ ក៏បានជម្រាបជូនឯកឧត្តមអភិសន្តិបណ្ឌិត នូវសំណើ សំណូមពរ ពាក់ព័ន្ធការបំពេញការងាររបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ។ ឯកឧត្តមអភិសន្តិបណ្ឌិត បានចាត់ទុកព័ត៌មានទាំងអស់នេះ ជាមូលដ្ឋានរួមចំណែក សម្រាប់ការពិចារណា ដាក់ចេញវិធីសាស្ត្រ និងដំណោះស្រាយចំពោះមុខ និងការរៀបចំផែនការកំណែទម្រង់ជាបន្តបន្ទាប់សម្រាប់រយៈពេលវែង។ 

ក្នុងពេលកំពុងជួបពិភាក្សា ក៏ឃើញមានពលរដ្ឋ មកស្នើសុំសេវាអត្តសញ្ញាណបណ្ណ និងសៀវភៅស្នាក់នៅជាបន្តបន្ទាប់ដែរ។ 

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី បានបន្តចូលពិនិត្យ និងសួរសុខទុក្ខ មន្រ្តីសមាជិកក្រុមប្រឹក្សាឃុំ និងមន្ត្រីបម្រើការងារនៅយន្តការច្រកចេញចូលតែមួយ ដែលកំពុងប្រចាំការបំពេញការងារ និងផ្ដល់សេវាជូនប្រជាពលរដ្ឋ មុនបន្តដំណើរមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្មុំ។ 

ក៏មិនខុសពីប៉ុស្តិ៍នគរបាលរដ្ឋបាលរូងជ្រៃនោះដែរ ថ្នាក់ដឹកនាំ និងមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្មុំ ពុំបានដឹង និងត្រៀមខ្លួនសម្រាប់ការមកដល់របស់ឯកឧត្តមអភិសន្តិបណ្ឌិតទេ។ ពេលនោះ មន្ត្រីកំពុងមមាញឹកក្នុងការបំពេញការងារជាក់ស្ដែងរួមមាន សរសេរបែបបទជូនប្រជាពលរដ្ឋមកស្នើសុំសេវាសៀវភៅស្នាក់នៅ និងសេវាសៀវភៅគ្រួសារ កំពុងថតរូបពលរដ្ឋមកស្នើសុំសេវាអត្តសញ្ញាណបណ្ណ និងមន្ត្រីខ្លះទៀតកំពុងពិនិត្យ និងបូកសរុបរបាយការណ៍ប្រចាំខែ។ 

ក្នុងកិច្ចពិភាក្សាមួយសន្ទុះធំនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានសាកសួរ និងទទួលព័ត៌មាន ពីលោកនាយ នាយរង និងមន្ត្រីប៉ុស្តិ៍ អំពីទំនាក់ទំនងការងារប្រចាំថ្ងៃជាមួយប្រជាពលរដ្ឋ ទំនាក់ទំនងការងារជាមួយរដ្ឋបាលឃុំ និងជាពិសេស បញ្ហាប្រឈមក្នុងការងារបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសក្នុងមូលដ្ឋានឃុំគោកឃ្មុំ។ 

ក្នុងនាមជាមេកើយកំពូលមួយរូប ឯកឧត្តមអភិសន្តិបណ្ឌិត បានមានប្រសាសន៍សរសើរ និងលើកទឹកចិត្ត ចំពោះការខិតខំបំពេញតួនាទីភារកិច្ចប្រកបដោយការទទួលខុសត្រូវ របស់មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាល ទាំងការងារសន្តិសុខសណ្ដាប់ធ្នាប់ និងការងារសេវាចាំបាច់ តាមច្បាប់កំណត់។ 

តាមរយៈកិច្ចពិភាក្សាត្រង់ទៅត្រង់ ជំនួបនេះបានផ្ដល់ឱកាសជូន ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ទទួលបានព័ត៌មាន និងបទពិសោធការងារជាក់ស្ដែងមួយចំនួនដែលមន្ត្រីបាននិងកំពុងជួបប្រទះ ជាពិសេសបានទទួលសំណើសំណូមពរ និងការចែករំលែកទស្សនៈមួយចំនួន ពីមន្ត្រីអនុវត្តការងារតាមជំនាញនីមួយៗ ដែលជាធាតុចូលសម្រាប់ការដាក់ចេញវិធានការ និងដំណោះស្រាយឆ្លើយតបតម្រូវការចំពោះមុខ និងការរៀបចំផែនការកំណែទម្រង់ដើម្បីពង្រឹងគុណភាពប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់។ 

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានអញ្ជើញចូលសួរសុខទុក្ខ ក្រុមប្រឹក្សា និងមន្ត្រីបម្រើការនៅរដ្ឋបាលឃុំគោកឃ្មុំ ដែលនៅទីនោះ មានប្រជាពលរដ្ឋជាបន្តបន្ទាប់ បានមកស្នើសុំសេវានៅយន្តការច្រកចេញចូលតែមួយឃុំ។ 

ផ្អែកលើទិដ្ឋភាពជាក់ស្ដែងនៃជីវភាពការងាររបស់មន្ត្រីរដ្ឋបាលឃុំគោកឃ្មុំ ឯកឧត្តមអភិសន្តិបណ្ឌិត បានបង្ហាញក្ដីរីករាយដែលឃើញធនធានមនុស្សចម្រុះវ័យកំពុងបំពេញការងារនៅសាលាឃុំ។ ជាក់ស្ដែង មានមន្ត្រីកិច្ចសន្យាជាយុវជនប្រកបដោយថាមពល និងភាពរួសរាយរាក់ទាក់ នៅប្រចាំការទទួលស្វាគមន៍ សម្របសម្រួល និងបម្រើសេវាជូនប្រជាពលរដ្ឋ ជាមួយមន្ត្រីចាស់ទុំ និងវ័យកណ្ដាល៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print