ប្រធានក្រុមជម្រើសជាតិស្វីស កីឡាករ Granit Xhaka បានបង្ហាញទំនុកចិត្តថា ក្រុមរបស់ខ្លួនអាចសម្រេចបានលទ្ធផលល្អបំផុតក្នុងប្រវត្តិសាស្ត្រការប្រកួត FIFA World Cup ខណៈពួកគេកំពុងត្រៀមបើកឆាកយុទ្ធនាការពូល B ទល់នឹងក្រុម កាតារ នៅថ្ងៃសៅរ៍នេះ។
Xhaka ដែលកំពុងចូលរួម World Cup ជាលើកទី 4 ក្នុងអាជីព បាននិយាយថា កីឡាករស្វីសមានទំនុកចិត្តខ្ពស់ និងចង់ចាប់ផ្តើមការប្រកួតខ្លាំងជាងពេលណាៗទាំងអស់ ដោយមានគោលដៅដណ្តើមជ័យជម្នះលើម្ចាស់ជើងឯកអាស៊ីពីរសម័យជាប់គ្នាកាតារ នៅទីក្រុង Santa Clara។
Xhaka បានថ្លែងក្នុងសន្និសីទសារព័ត៌មានថា៖ «ក្នុងបាល់ទាត់ យើងតែងនិយាយអំពីយុទ្ធសាស្ត្រ ប៉ុន្តែកីឡាករក៏ត្រូវរីករាយជាមួយពេលវេលានៅលើទីលានផងដែរ។ នេះគឺជាចំណុចសំខាន់មួយ ដែលធ្វើឱ្យអ្នកអាចលេងដោយសេរី និងបង្ហាញសមត្ថភាពពេញលេញរបស់ខ្លួន»។
គាត់បន្តថា ក្រុមស្វីសចង់បង្ហាញទម្រង់លេងដ៏ល្អបំផុតរបស់ខ្លួន ដើម្បីតំណាងឱ្យប្រទេស និងគ្រួសាររបស់ពួកគេ។
«យើងចង់បង្ហាញការលេងដ៏ល្អបំផុត។ ថ្ងៃស្អែកគឺជាជំហានដ៏សំខាន់ដំបូងរបស់យើង ហើយខ្ញុំជឿថា នេះអាចក្លាយជាការប្រកួត World Cup ដ៏ល្អបំផុតសម្រាប់ស្វីស»។
ក្រុមជម្រើសជាតិស្វីសកំពុងចូលរួម World Cup ជាលើកទី 6 ជាប់ៗគ្នា ដែលជាសមិទ្ធផលមួយមានតែប្រទេសខ្លាំងៗនៅអឺរ៉ុបដូចជា បារាំង អេស្ប៉ាញ អង់គ្លេស ព័រទុយហ្គាល់ និងអាល្លឺម៉ង់ ប៉ុណ្ណោះដែលអាចធ្វើបានដូចគ្នា។
ទោះជាយ៉ាងណា ស្វីសមិនទាន់ទទួលបានជោគជ័យធំដុំក្នុងព្រឹត្តិការណ៍នេះនៅឡើយទេ ដោយបានធ្លាក់ត្រឹមវគ្គ 16 ក្រុមចុងក្រោយចំនួន 5 លើក ក្នុងការចូលរួម 6 លើកចុងក្រោយ ខណៈការឡើងដល់វគ្គ 8 ក្រុមចុងក្រោយចុងក្រោយបង្អស់របស់ពួកគេ គឺតាំងពីឆ្នាំ 1954 មកម្ល៉េះ។
ជ័យជម្នះលើកាតារ នឹងអាចជួយឱ្យស្វីសឈរនៅកំពូលតារាងពូល B បណ្ដោះអាសន្ន បន្ទាប់ពីក្រុម កាណាដា និងបូស្នៀ និងហឺហ្សេហ្គោវីណា បានបញ្ចប់ការប្រកួតក្នុងលទ្ធផលស្មើ 1-1។
ក្នុងវ័យ 33 ឆ្នាំ Xhaka គឺជាកីឡាករដែលបង្ហាញខ្លួនច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ស្វីស។ នៅ World Cup លើកនេះ លោកត្រូវបានគេរំពឹងថានឹងឈានដល់ការបង្ហាញខ្លួនលើកទី 150 សម្រាប់ជម្រើសជាតិ។
ទន្ទឹមនឹងនេះ ខ្សែការពារ Ricardo Rodriguez ក៏អាចបង្កើតកំណត់ត្រាជាតិថ្មីផងដែរ ប្រសិនបើត្រូវបានជ្រើសរើសឱ្យចូលលេង ដោយទាំងពីរនឹងបង្ហាញខ្លួនក្នុង World Cup លើកទី 13 ស្មើគ្នា។
គ្រូបង្វឹក Murat Yakin បានបញ្ជាក់ថា ក្រុមបច្ចុប្បន្នមានសមត្ថភាពគ្រប់គ្រាន់ក្នុងការធ្វើបានល្អ ហើយបានរៀនពីមេរៀនកាលពី World Cup មុន ដែលពួកគេបានចាញ់ ព័រទុយហ្គាល់ ក្នុងលទ្ធផល 6-1 នៅវគ្គ 16 ក្រុមចុងក្រោយ៕










