គ្រូបង្វឹកក្រុមជម្រើសជាតិប្រេស៊ីល Carlo Ancelotti បានអំពាវនាវឱ្យកីឡាកររបស់ខ្លួនកែលម្អទម្រង់លេងបន្ថែមទៀត បន្ទាប់ពីបានត្រឹមស្មើ ១-១ ជាមួយក្រុម ម៉ារ៉ុក ក្នុងការប្រកួតបើកឆាកពូល C នៃព្រឹត្តិការណ៍ FIFA World Cup កាលពីថ្ងៃសៅរ៍។
ការប្រកួតដែលធ្វើឡើងនៅទីក្រុង East Rutherford បានបញ្ចប់ដោយក្រុមទាំងពីរចែកគ្នាម្នាក់មួយពិន្ទុ បន្ទាប់ពី Vinicius Junior រកគ្រាប់បាល់តាមស្មើឱ្យប្រេស៊ីល ក្រោយពី Ismael Saibari បានជួយម៉ារ៉ុកនាំមុខមុន។
ក្រោយចប់ការប្រកួតលោក Ancelotti បានទទួលស្គាល់ថា ក្រុមរបស់លោកបង្ហាញទម្រង់លេងមិនសូវល្អនៅតង់ទីមួយ ដោយមានបញ្ហាទាំងការរៀបចំក្រុម និងការបាត់បង់បាល់ជាញឹកញាប់។
លោកបានថ្លែងថា៖ «យើងមិនបានលេងល្អនោះទេ។ ក្រុមមានភាពមិនសមតុល្យ យើងបាត់បង់បាល់ច្រើនដង ហើយខ្ញុំគិតថាយើងត្រូវធ្វើឱ្យបានល្អជាងនេះ»។
ម៉ារ៉ុកបានបើកការនាំមុខនៅនាទីទី ២១ តាមរយៈ Saibari ដែលបញ្ចប់ទីយ៉ាងល្អពីការវាយបករហ័ស បន្ទាប់ពីទទួលបាល់បញ្ជូនយ៉ាងល្អពី Brahim Diaz។
ទោះជាយ៉ាងណា ប្រេស៊ីលបានតាមស្មើវិញនៅនាទីទី ៣២ ដោយ Vinicius Jr អូសបាល់ពីស្លាបឆ្វេងចូលកណ្តាល មុនស៊ុតជើងស្តាំបញ្ចូលជ្រុងលើនៃសំណាញ់ទីយ៉ាងស្រស់ស្អាត។
Ancelotti បានបញ្ជាក់ថា ក្រុមរបស់លោកលេងបានល្អប្រសើរជាងមុននៅតង់ទីពីរ បន្ទាប់ពីធ្វើការផ្លាស់ប្តូរកីឡាករមួយចំនួន ប៉ុន្តែមិនអាចទម្លុះប្រព័ន្ធការពារដ៏រឹងមាំរបស់ម៉ារ៉ុកបានឡើយ។
គ្រូបង្វឹកជនជាតិអ៊ីតាលីរូបនេះក៏បានបង្ហើបថា ក្រុមជម្រើសដំបូងរបស់ប្រេស៊ីលនឹងមិននៅដដែលពេញមួយការប្រកួត World Cup នោះទេ ដោយអាចមានការផ្លាស់ប្តូរតាមស្ថានភាពជាក់ស្តែង។ លោកបានបន្ថែមថា៖
«អ្នកមិនអាចឈ្នះ World Cup ដោយផ្អែកលើការប្រកួតដំបូងតែមួយបានទេ»។
ប្រេស៊ីលនឹងបន្តយុទ្ធនាការពូល C របស់ខ្លួនដោយត្រូវជួបក្រុម ហៃទី នៅថ្ងៃសុក្រ ខណៈពួកគេស្វែងរកជ័យជម្នះលើកដំបូងក្នុងការប្រកួត World Cup ឆ្នាំ ២០២៦ នេះ៕










