ភ្នំពេញ÷ គ្រួសារមួយមានសមាជិកទាំងក្មេងទាំងចាស់ចំនួន០៥នាក់ បានទិញស្ពៃក្ដោបពីអ្នកលក់តាមរទេះនៅជិតវត្តជើងឯក២ក្ដោប យកទៅស្ងោរជាមួយសាច់ជ្រូក បន្ទាប់មកបានបរិភោគជុំគ្នា ។ លុះរយៈពេលប្រមាណ ប្រហែល៥នាទីក្រោយមកក៏ស្រាប់តែមានអាការៈរាគរូស និងក្អួតចង្អោរគ្រប់ៗគ្នា បណ្ដាលឲ្យស្លាប់កូននិងចៅ ប្រុសអាយុ០៥ឆ្នាំម្នាក់ ហើយអាការៈខាងលើត្រូវបានជនរងគ្រោះ អះអាងថា ពុលស្ពៃក្ដោប។
ហេតុការណ៍នោះបានកើតឡើង កាលពីវេលាម៉ោង៩:៥៥នាទី(យប់)ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចផ្ទះគ្មានលេខ ផ្លូវលំ ស្ថិតនៅក្នុងភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
គ្រួសារខាងលើនោះមានសមាជិក៥នាក់ ក្ន្នុងនោះ រួមមាន : ១- ឈ្មោះ ថេត ខេវិន ភេទប្រុស អាយុ០៥ឆ្នាំ ត្រូវជាកូននិងចៅ (ស្លាប់) , ២- ឈ្មោះ ឡាយ សារ៉ន អាយុ៦១ឆ្នាំ ត្រូវ ជាម្ដាយនិងជីដូន , ៣- ឈ្មោះ ឃន កញ្ចនា អាយុ៣៤ឆ្នាំ ជាកូនប្រសារ , ៤- ឈ្មោះ នឿម ប្រុស ថេត អាយុ៣២ឆ្នាំ ជាកូនប្រុសបង្កើត,៥- ឈ្មោះ ផាត់ ស្រីម៉ី អាយុ១១ឆ្នាំ ត្រូវជាកូននិងចៅមានទីលំនៅផ្ទះគ្មានលេខខាងលើ ។
លោក នឿម ប្រុសថេត បានបភ្លឺប្រាប់សមត្ថកិច្ចថា នៅវេលាម៉ោងប្រហែល១៧និង៣០នាទីល្ងាច ថ្ងៃទី១២ ខែ មិថុនា ឆ្នាំ២០២៦ កូនស្រីគាត់ ឈ្មោះ ថេត ស្រីនីត បានយកស្ពៃក្តោបដែលទិញពីអ្នកលក់តាមរទេះយកមកឲ្យគាត់ ធ្វើម្ហូប ។ ពេលដាក់ស្ពៃក្តោបចូលទៅក្នុងឆ្នាំង សម្លស្រាប់តែមានពពុះខុសប្លែកពីធម្មតា ប៉ុន្តែពេលនោះគាត់មិនចាប់អារម្មណ៏ អ្វីឡើយ. លុះក្រោយពេលចម្អិនរួចក៏នាំគ្នាហូបជុំគ្នាទាំង០៥នាក់។ ក្នុងនោះមានរូបគាត់, ប្រពន្ធ,ម្ដាយបង្កើត,កូនប្រុស-ស្រីរបស់គាត់០២នាក់ ទៀត ដោយ មិនបានគិតដល់ថា មានគ្រោះអកុសលកើតឡើងនោះទេ។
បុរសនោះបានបន្តថា ក្រោយពេលហូបរួច ប្រមាណ០៥នាទីក្រោយមក ស្រាប់តែមានអារម្ម្មណ៍ថាមិនស្រួលខ្លួន,ក្អួតចង្អោរ និងរាគ ក៏បាននាំគ្នាទៅមន្ទីរពេទ្យបង្អែកដង្កោ ខណៈនោះកូនប្រុសគាត់ ឈ្មោះ ថេត ខេវិន មានសភាពធ្ងន់ធ្ងរជាងគេ ។ បន្ទាប់មកក៏បានបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យគន្ធបុប្ផា លុះដល់វេលាម៉ោង២១:៥៥នាទី យប់ថ្ងៃដដែល គ្រូពេទ្យបានប្រាប់ថថា កូនគាត់ស្លាប់ ហើយរួចក៏ដឹកសពត្រលប់មកផ្ទះវិញ និងរាយការណ៏ជូនសមត្ថកិច្ចតែម្ដង ។
ស្ត្រីឈ្មោះ ឡាយ សារ៉ន បាននិយាយថា មុនដំបូងចៅ ស្រីគាត់បានទៅទិញបន្លែបានស្ពៃក្ដោប ពណ៍ខៀវ០១ក្ដោប ហើយដោយសារតែខ្លាចស្លអត់គ្រាន់ព្រោះគ្នាច្រើន គាត់ក៏ឲ្យចៅស្រីទៅទិញ០១ក្ដោបទៀត ហើយទិញបានស្ពៃក្ដោបពណ៍ស ។ បន្ទាប់មកបានយកមកពុះច្រៀកដាក់ស្ងោរសាច់ជ្រូក នាំគ្នាហូប រួចក៏ស្រាប់តែពុលរាគក្អួតទាំងអស់គ្នាបែបនេះតែម្តង។ គាត់បញ្ជាក់ថា ក្រៅតែពីហូបសម្លស្ពៃក្ដោប ពួកគាត់ទាំង០៥នាក់មិនបានហូបអ្វីផ្សេងឡើយ ។
ពាក់ព័ន្ធទៅនឹងហេតុការណ៍នោះសមត្ថកិច្ច នៅពុំទាន់បញ្ជាក់ថា មនុស្សទាំង០៥នាក់ខាងលើនោះពុលស្ពៃក្ដោបមែន ឬមិនមែននៅឡើយទេ?ពេលនេះកំពុងពិនិត្យសំណាកសម្លរស្ងោរនោះហើយ។ ដោយឡែកសពក្មេងប្រុសរូបនោះ ក៏ត្រូវបានកម្លាំងការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងលោកវេជ្ជបណ្ឌិត នង សុវណ្ណារត្ន័ លោកគ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ ធ្វើការពិនិត្យកោសល្យវិច័យ រួចរាល់ហើយដែរ ! ដោយសន្និដ្ឋានថា ក្មេងប្រុសខាងលើ ស្លាប់ដោយសារការរាគនិង ក្អួតធ្ងន់ធ្ងរខ្លាំងពេក ៕










