គ្រូបង្វឹកក្រុមជម្រើសជាតិអេស្ប៉ាញលោក Luis de la Fuente បានបញ្ជាក់ថា ខ្សែប្រយុទ្ធស្លាបវ័យក្មេង Lamine Yamal មានសភាពរាងកាយល្អ និងត្រៀមខ្លួនរួចជាស្រេចក្នុងការចូលលេងជាកីឡាករបម្រុង ប្រសិនបើចាំបាច់ ក្នុងការប្រកួតបើកឆាក FIFA World Cup 2026 របស់អេស្ប៉ាញ ទល់នឹងក្រុម Cape Verde នៅពូល H។
Yamal វ័យ 18 ឆ្នាំ មិនបានចូលលេងចាប់តាំងពីខែមេសាមក ដោយសារបញ្ហារបួសក្រលៀន និងសរសៃពួរខាងក្រោយភ្លៅ។ រូបគេក៏បានខកខានការប្រកួតមិត្តភាពចុងក្រោយរបស់អេស្ប៉ាញផងដែរ។
ទោះជាយ៉ាងណា លោក De la Fuente បានអះអាងថា Yamal បានជាសះស្បើយ និងហ្វឹកហាត់បានយ៉ាងល្អ ដូចគ្នានឹងកីឡាករ Nico Williams និង Victor Munoz ដែលធ្លាប់មានបញ្ហារបួសផងដែរ។
លោកបានថ្លែងថា៖ «ដំណឹងល្អគឺ Lamine មានសភាពរាងកាយល្អណាស់។ គេកំពុងអនុវត្តតាមផែនការស្តារកម្លាំង ហើយកំពុងហ្វឹកហាត់បានយ៉ាងល្អ។»
គ្រូបង្វឹកអេស្ប៉ាញបានបន្ថែមថា កីឡាករទាំងបីនាក់អាចចូលលេងបាន ប៉ុន្តែមិនទាន់ស្ថិតក្នុងជម្រើស១១នាក់ចាប់ផ្តើមការប្រកួតនោះទេ។
គាត់បានបន្ថែមថា «យើងនឹងរង់ចាំមើលថាការប្រកួតដំណើរការទៅយ៉ាងដូចម្តេច មុននឹងសម្រេចថាតើពួកគេអាចជួយក្រុមបានបែបណា។ វាអាស្រ័យលើស្ថានភាពជាក់ស្តែងក្នុងការប្រកួត»។
អេស្ប៉ាញ ដែលជាម្ចាស់ជើងឯកអឺរ៉ុបបច្ចុប្បន្ន និងធ្លាប់ឈ្នះពាន World Cup ឆ្នាំ 2010 ត្រូវបានចាត់ទុកថាជាបេក្ខភាពដ៏ខ្លាំងមួយសម្រាប់លើកពានឆ្នាំ 2026។
យ៉ាងណាមិញ លោក De la Fuente បានព្រមានថា មិនគួរមើលស្រាលក្រុម Cape Verde ដែលកំពុងចូលរួម World Cup ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រនោះឡើយ។
លោកបាននិយាយថា៖ «ពួកគេជាក្រុមដែលមានការរៀបចំយុទ្ធសាស្ត្រល្អណាស់។ កីឡាកររបស់ពួកគេមានកម្លាំងរាងកាយខ្លាំង និងល្បឿនលឿន។ ពួកគេថែមទាំងបានទម្លាក់ក្រុមកាមេរូនចេញពីការប្រកួតផងដែរ»។
លោកជឿជាក់ថា Cape Verde អាចក្លាយជាក្រុមភ្ញាក់ផ្អើលមួយនៅ World Cup ឆ្នាំនេះ ហើយអេស្ប៉ាញត្រូវបង្ហាញទម្រង់លេងល្អបំផុត ប្រសិនបើចង់ចាប់ផ្តើមយុទ្ធនាការរបស់ខ្លួនដោយជ័យជម្នះ។
ក្នុងពូល H នេះ ក្រុម អារ៉ាប៊ីសាអូឌីត និងអ៊ុយរូហ្គាយ ក៏នឹងជួបគ្នានៅទីក្រុង Miami ផងដែរ៕










