ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបញ្ជាក់ថា ការបណ្ដុះបណ្ដាលជំនាញទន់ ឬ Soft skills គឺផ្ដោតសំខាន់ទៅលើការជំរុញលើកទឹកចិត្តខ្លួនឯងនេះគឺជាចំណុចដែលសំខាន់។
ការថ្លែងបែបនេះរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦នេះ។
សម្ដេចធិបតី ថ្លែងណែនាំថា ការដុះខាត់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ មិនថារៀនចល័ត ឬរៀននៅសាលា ទីមួយ គឺត្រូវឱ្យសិស្ស ឬយុវជនឱ្យយល់អំពីតម្លៃនៃការរៀន, នេះគឺជាជំនាញទន់ ឬ Soft skills, ទីពីរ ឱ្យសិស្ស និងយុវជនយល់ថា គាត់មកអង្គុយរៀនេះ គឺមានមនុស្សច្រើនណាស់អត់ទាន់មានឱកាស គាត់នៅអង្គុយនេះនឹងកែប្រែអនាគតរបស់គាត់ ប៉ុន្ដែមានតែគាត់ខ្លួនឯងទេដែលអាចកែប្រែថាទៅថ្ងៃអនាគតគាត់នឹងទៅជាយ៉ាងណា នេះគឺជាការជំរុញជំនាញទន់ ឬ Soft skills។
សម្ដេចធិបតី ថ្លែងថា ការកសាងនូវឱកាសការងារនេះ គឺសំខាន់ណាស់ ដូច្នេះហើយបានជាពីមួយឆ្នាំទៅមួយឆ្នាំរាជរដ្ឋាភិបាលបានដាក់ចេញនូវការអនុវត្តនូវគោលនយោបាយមានការប្រែប្រួលពីមួយអាណត្តិទៅមួយអាណត្តិ ដូច្នេះចាប់ពីឆ្នាំ១៩៩០ជាងមកកម្ពុជាផ្ដោតលើវិស័យឧស្សាហកម្មកាត់ដេរ ប៉ុន្ដែមកដល់ពេលនេះគឺផ្ដោតលើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងកុំព្យូទ័រ ជាដើម ដែលការងារនេះរាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយគាំទ្រជាច្រើនដើម្បីឱ្យពលរដ្ឋកម្ពុជាមានជំនាញទៅតាមតម្រូវការទីផ្សារ។
ជាមួយគ្នានេះ សម្ដេចធិបតី ក៏បានថ្លែងកោតសរសើរក្រសួងការងារ ដែលបានអនុវត្តយ៉ាងល្អលើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់ប្រជាពលរដ្ឋ ខណៈចាប់តាំងពីដាក់ឱ្យអនុវត្តនៅឆ្នាំ២០២៤ រហូតដល់ខែមេសា ឆ្នាំ២០២៦នេះ សិស្សដែលបានទទួលការបណ្តុះបណ្តាលមានចំនួនសរុបប្រមាណ ២៧,១ម៉ឺននាក់ ក្នុងនោះបណ្តុះបណ្តាល នៅតាមគ្រឹះស្ថានធីវេត ក្រោមឱវាទក្រសួងចំនួនប្រមាណ ២២.៩ម៉ឺននាក់ និងក្រោមមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ចំនួនប្រមាណ ៤,២ម៉ឺននាក់ផងដែរ៕ដោយ៖តារា










