ស៊ុយអែតបង្ហាញភាពខ្លាំងនៅ World Cup ដោយលត់ទុយនេស៊ី ៥-១ ក្នុងប្រកួតដំបូង

ចែករំលែក៖

ក្រុមជម្រើសជាតិ ស៊ុយអែត បានបង្ហាញពីសក្តានុពលរបស់ខ្លួនក្នុងការប្រជែងពានរង្វាន់ FIFA World Cup 2026 បន្ទាប់ពីយកឈ្នះក្រុម ទុយនេស៊ី ក្នុងលទ្ធផលធំ ៥-១ នៅទីក្រុង Monterrey ដើម្បីចាប់ផ្តើមយុទ្ធនាការពូល F យ៉ាងល្អឥតខ្ចោះ។

ក្រុមរបស់លោក Graham Potter បានចាប់ផ្តើមការប្រកួតយ៉ាងរហ័ស និងនាំមុខ ២-០ ក្នុងរយៈពេល ៣០ នាទីដំបូង។

គ្រាប់បាល់បើកឆាកកើតឡើងក្រោយអ្នកចាំទី Mouhib Chamakh ប៉ាន់ស្មានខុសលើបាល់វែងរបស់ Victor Lindelof។ ទោះបីជាការស៊ុតដំបូងរបស់ Viktor Gyokeres ត្រូវបានរារាំងក៏ដោយ ប៉ុន្តែ Yasin Ayari បានស៊ុតបញ្ចូលទីពីចម្ងាយប្រមាណ ២៥ យ៉ាត ធ្វើឱ្យស៊ុយអែតនាំមុខ ១-០។

នៅនាទីទី ៣០ ស៊ុយអែតបានបន្ថែមគ្រាប់ទី ២ នៅពេល Gyokeres បញ្ជូនបាល់យ៉ាងឆ្លាតវៃឱ្យ Alexander Isak រត់ផុតខ្សែការពារ មុនស៊ុតផុតដៃអ្នកចាំទីស្អាត។

ទោះជាយ៉ាងណា ទុយនេស៊ីបានតាមបានមួយគ្រាប់វិញមុនចប់តង់ទីមួយ ដោយ Omar Rekik តែតបញ្ចូលទីពីការបញ្ជូនបាល់របស់ Hannibal Mejbri ធ្វើឱ្យលទ្ធផលក្លាយជា ២-១។

ចូលដល់តង់ទីពីរ ស៊ុយអែតបានគ្រប់គ្រងការប្រកួតទាំងស្រុង។ នៅនាទីទី ៦០ ប្រធានក្រុមទុយនេស៊ី Ellyes Skhiri បាត់បង់បាល់ក្រោមសម្ពាធរបស់ Isak មុនដែលខ្សែប្រយុទ្ធរូបនេះបញ្ជូនឱ្យ Gyokeres ស៊ុតបញ្ចូលទីគ្រាប់ទី ៣។

គ្រាប់បាល់នេះក៏ជាគ្រាប់ទី ១៥ របស់ Gyokeres ក្នុងការបង្ហាញខ្លួន ១៦ ប្រកួតចុងក្រោយឱ្យក្រុមជម្រើសជាតិផងដែរ។

នៅចុងការប្រកួត ស៊ុយអែតបន្តបន្ថែមពីរគ្រាប់ទៀត។ Mattias Svanberg ដែលទើបតែចូលលេងជាកីឡាករបម្រុង បានស៊ុតបញ្ចូលទីត្រឹម ១២ វិនាទីប៉ុណ្ណោះក្រោយចូលទីលាន បង្កើតកំណត់ត្រាគ្រាប់បាល់លឿនបំផុតរបស់កីឡាករបម្រុងក្នុងប្រវត្តិសាស្ត្រ World Cup។

បន្ទាប់មក Yasin Ayari បានស៊ុតពីក្រៅប្រអប់គ្រោះថ្នាក់ម្តងទៀតនៅវិនាទីចុងក្រោយ ដើម្បីបិទការប្រកួតក្នុងលទ្ធផល ៥-១។

ជ័យជម្នះនេះធ្វើឱ្យស៊ុយអែតចាប់ផ្តើម World Cup 2026 ដោយភាពជឿជាក់ខ្ពស់ មុនជួបការប្រកួតដ៏តឹងតែងជាមួយក្រុម ហូឡង់ ដែលទើបស្មើ ជប៉ុន ២-២ ក្នុងការប្រកួតបើកឆាក។

...

ដោយឡែក ទុយនេស៊ីរបស់លោក Sabri Lamouchi កំពុងប្រឈមមុខនឹងស្ថានភាពលំបាកក្នុងការប្រជែងឡើងវគ្គបន្ត ខណៈពួកគេមិនទាន់ស្គាល់ជ័យជម្នះក្នុងការប្រកួតបើកឆាក World Cup ចាប់តាំងពីឆ្នាំ 1978 មក ហើយប្រកួតបន្ទាប់នឹងត្រូវជួបក្រុមជប៉ុន៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print