ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងជំរុញឱ្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឱ្យបន្តយកចិត្តទុកដាក់ និងជំរុញការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស ទៅដល់បងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ ដើម្បីឱ្យពួកគាត់មានសមត្ថភាពពេញលេញក្នុងការទទួលបានឱកាសការងារល្អៗ និងមានប្រាក់ចំណូលនៅក្នុងស្រុក។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញអបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈលើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល នៅសាលមហោស្រពកោះពេជ្រ ក្នុងរាជធានីភ្នំពេញ។
នៅក្នុងឱកាសនោះផងដែរ សម្ដេចធិបតី នាយករដ្ឋមន្ត្រី ក៏បានសម្ដែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រមទាំងអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលនាពេលកន្លងមកនេះ បានខិតខំប្រឹងប្រែងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការយកចិត្តទុកដាក់មើលថែ និងជួយសម្របសម្រួលដល់បងប្អូនពលករត្រឡប់មកពីប្រទេសថៃវិញ ទាំងលើការងារសង្គ្រោះ យន្តការគាំពារ និងការស្វែងរកឱកាសការងារធ្វើក្នុងស្រុកឱ្យកាន់តែច្រើនឡើងថែមទៀត។
សូមជម្រាបជូនថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាននិងកំពុងបន្តអនុវត្តយ៉ាងសកម្មនូវយន្តការគាំទ្រសំខាន់ៗចំនួន ៣ រួមមាន៖
១. ការវាយតម្លៃនិងទទួលស្គាល់ជំនាញ (RPL)ដោយបើកឱកាសឱ្យអតីតពលករយកបទពិសោធន៍ការងារពីក្រៅប្រទេស មកធ្វើតេស្តវាយតម្លៃដើម្បីទទួលបាន «វិញ្ញាបនបត្រទទួលស្គាល់ជំនាញផ្លូវការ» ដោយឥតគិតថ្លៃ ងាយស្រួលយកទៅដាក់ពាក្យធ្វើការក្នុងស្រុក។
២. កម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេស (TVET)៖ ផ្ដល់ការបណ្ដុះបណ្ដាលជំនាញបន្ថែមស្របតាមតម្រូវការទីផ្សារការងារបច្ចុប្បន្ន ដើម្បីបង្កើនមុខរបរ និងប្រាក់ចំណូលថេរ។
៣. ការនាំយកឱកាសការងារដល់មូលដ្ឋាន៖ ការរៀបចំពិព័រណ៍ការងារ និងវេទិកាការងារនៅតាមបណ្ដាខេត្ត ពិសេសខេត្តជាប់ព្រំដែន ដើម្បីផ្សារភ្ជាប់បងប្អូនពលករទៅនឹងក្រុមហ៊ុន សហគ្រាស និងរោងចក្រដែលកំពុងត្រូវការកម្លាំងពលកម្ម។
ចំពោះការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលនាពេលនេះ គឺមិនត្រឹមតែជួយឱ្យបងប្អូនប្រជាពលរដ្ឋមានការងារធ្វើ និងមុខរបរច្បាស់លាស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអនុញ្ញាតឱ្យពួកគាត់មានឱកាសរស់នៅជួបជុំក្រុមគ្រួសារ ព្រមទាំងទទួលបាននូវរបបគាំពារសង្គម (ប.ស.ស.) ពេញលេញ ស្របតាមគោលនយោបាយកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជាឱ្យកាន់តែប្រសើរឡើងផងដែរ៕
ដោយ ៖ សិលា










