ខេត្តស្វាយរៀង៖ លោកសរ សុដានី អភិបាលរងខេត្តស្វាយរៀងតំណាងលោក ប៉េង ពោធិ៍សា អភិបាលខេត្ត នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំកម្លាំងពាក់ព័ន្ធចុះធ្វើរដ្ឋបាលបើកដំហ នៅតាមបណ្ដារោងចក្រ អាគារដ្ឋបាលតំបន់ កន្លែងស្នាក់នៅបុគ្គលិក ក្នុងតំបន់សេដ្ឋកិច្ចពិសេសឈីលូ ស្ថិតនៅក្នុងសង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
ការចុះធ្វើរដ្ឋបាលបើកចំហនេះ មានការចូលរួមពីលោក ណុប ចំរើន អភិបាលក្រុងស្វាយរៀង និងកម្លាំងសមត្ថកិច្ចក្រុង និងអាជ្ញាធរសង្កាត់ស្វាយតឿ ជាច្រើនរូបផងដែរ។
លោក សរ សុដានី បានថ្លែងថា ក្នុងនាមលោកអភិបាលខេត្ត ដែលជាប្រធានគណៈបញ្ជាការឯកភាពខេត្ត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះម្ចាស់តំបន់សេដ្ឋកិច្ចពិសេសឈីលូ ក៏ដូចជាបណ្ដាររោងចក្រនានាដែលបានសហការណ៍ជាមួយរដ្ឋបាលខេត្ត ធ្វើរដ្ឋបាលបើកចំហរ ដើម្បីស្វែងរកបទល្មើសស្គេមអនឡាញ។
លោកបានបន្តថា ថ្ងៃនេះក្រុមការងារគណៈបញ្ជាការឯកភាពខេត្ត ចុះធ្វើរដ្ឋបាលចំហរ ហើយលោក លោកស្រីដែលម្ចាស់តំបន់សេដ្ឋកិច្ចពិសេស ក៏ដូចជាម្ចាស់ក្រុមហ៊ុនកែរោងចក្រនានា បានដឹងជ្រាបខ្លះៗហើយថា នៅប្រទេសកម្ពុជា ក៏ដូចជាខេត្តស្វាយរៀងយើង កំពុងតែបើកយុទ្ធនាការបង្ក្រាបស្គេមអនឡាញឱ្យអស់ពីទឹកដីកម្ពុជា។ ហើយរាជរដ្ឋាភិបាលបានប្ដេជ្ញាចិត្តខ្ពស់ណាស់ក្នុងការបង្ក្រាបបទល្មើសស្គេមអនឡាញនេះឲ្យដល់ឫសគល់។
លោកសរ សុដានី បានគូសបញ្ជាក់ថា ដើម្បីអនុវត្តបទបញ្ជាលេខ០១បប ស្តីពីយុទ្ធនាការសម្អាតការឆបោកតាមប្រពន្ធ័បច្ចេកវិទ្យា (Online Scams) និងដើម្បីអនុវត្តផ្សព្វផ្សាយអនុក្រឹត្យលេខ០៣អនក្រ.បក ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងស្ថិតនៅប្រមូលផ្តុំ ដើម្បីធានាសន្តិសុខ សុវត្ថិភាពសង្គម និងសណ្តាប់ធ្នាប់សាធារណ: របស់រាជេដ្ឋាភិបាល លោក ប៉េង ពោធិ៍សា អភិបាលខេត្ត និងជាប្រធានគណ:បញ្ជាការ ឯកភាពខេត្ត បានដាក់ចេញនូវផែនការយ៉ាងម៉ឺងម៉ាត់មុតស្រួចបំផុតដល់រដ្ឋបាលក្រុងស្រុក ឃុំសង្កាត់ ភូមិ និងតួអង្គពាក់ពន្ធ័ទាំងអស់ត្រូវចុះធ្វើរដ្ឋបាលចំហរជាប្រចាំនៅក្នុងភូមិសាស្ត្រជាក់ស្តែងរបស់ខ្លួន ដើម្បីធានាបានថាក្នុងភូមិសាស្ត្រទាំងនោះមិនមានការលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមបច្ចេកវិទ្យាជាដាច់ខាត។
ការចុះធ្វើរដ្ឋបាលចំហរនេះមិនមែនក្នុងចេតនារំខានដល់អ្នកវិយោគ ឬមុខរបរប្រចាំថ្ងៃរបស់បងប្អូនឡើយ ប៉ុន្តែធ្វើឡើងដើម្បីចូលរួមទាំងអស់គ្នាក្នុងគោលបំណងការការពារផ្ទះយើង ការពារមុខរបរសុច្ចរិតរបស់យើង ការពារកិត្តិយសមុខមាត់ខេត្តយើង ប្រទេសយើងទាំងអស់គ្នា។
លោកបានបញ្ជាក់ថា ក្រោយពីកម្លាំងសមត្ថកិច្ចបានធ្វើកាបង្ក្រាបទីតាំងធំៗរួចមក ពួកនេះបានឆ្លៀតឱកាសមកពូនជ្រក តាមបណ្ដារផ្ទះសំណាក់ រោងចក្រ នៅក្នុងព្រៃ ឱ្យតែមានឱកាស គឺប្រព្រឹត្តបទមើលតែម្ដង។
លោកបានសំណូមពរម្ចាស់ក្រុមហ៊ុនរោងចក្រទាំងអស់ ត្រូវចូលរួមសហការទាំងអស់គ្នា ធ្វើយ៉ាងណាឲ្យផ្ទះរបស់យើងស្អាត ផ្ទះយើងមានសុវត្ថិភាព។ ដើម្បីអនុវត្តបទបញ្ជារបស់រដ្ឋាភិបាលឱ្យមានប្រសិទ្ធភាព សូមផ្ដល់ព័ត៌មានពិតអំពីការស្នាក់នៅជាក់លាក់របស់បងប្អូនបុគ្គលិកជាជនបរទេស ដែលកំពុងធ្វើការនៅតាមរោងចក្រ ដើម្បីចូលរួមទប់ស្កាត់ឲ្យខាងតែបាន នៅscam onlineនេះ ហើយទោសទន់នៃបទល្មើសscam online បានចូលជាធរមានហើយគឺមានទោសទាន់ធ្ងន់ណាស់ ព្រមទាំងឈានដល់ការបិទទីតាំងដែលប្រព្រឹត្តបទល្មើសទៀតផង។
ក្នុងឱកាសនោះ ម្ចាស់តំបន់ និងម្ចាស់ក្រុមហ៊ុនរោងចក្របានចូលរួមសហការជាមួយរដ្ឋបាលខេត្ត នឹងបានឱ្យក្រុមការងារចុះពិនិត្យមើលតាមបន្ទប់ស្នាក់នៅរបស់បុគ្គលិកជាជនបរទេស និងបានថតប៉ាស្ព័រ ប័ណ្ណការងារ ប័ណ្ណទិដ្ឋាការ ព្រមទាំងចុះពិនិត្យមើលតាមបណ្ដាររោងចក្រដែលកំពុងដំណើរការសង្វាក់ផលិតកម្មទៀតផង។
ក្រោយពីក្រុមការងារបានចុះពិនិត្យមើលជាក់ស្ដែងតាមបន្ទប់ស្នាក់នៅរបស់ជនបរទេស ដែលកំពុងបម្រើការងារនៅតាមរោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេសឈីលូរួចមក គឺពុំបានរកឃើញនៅបទល្មើស scam online នោះទេ។










