ខេត្តកណ្តាល ÷ជនសង្ស័យ០២នាក់បានជិះម៉ូតូធ្វើ សកម្មភាពលួចកាបូបស្ពាយចំហៀង របស់ស្ត្រីរងគ្រោះ រត់គេចបាន០៤ថ្ងៃ ត្រូវសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបានម្នាក់។ ហេតុការណ័កើតឡើងនៅវេលាម៉ោង១៧និង០០ នាទីថ្ងៃទី១១ខែមិថុនា ឆ្នាំ២០២៦ នៅចំណុច លើផ្លូវបេតុងមុខផ្ទះជនរងគ្រោះ សិ្ថតនៅក្នុងភូមិជ្រោយមេត្រីលើ ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល និងត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន នៅថ្ងៃទី១៤ខែមិថុនា ឆ្នាំ ២០២៦ ។
សមត្ថកិច្ចមូលដ្ធានប្រាប់ឱ្យដឹងថា ស្ត្រីរងគ្រោះមាន ឈ្មោះ ស្លេះ រុំហ្សាន អាយុ៣៥ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ លក់ដូរ និងមានទីលំនៅក្នុងភូមិឃុំកើតហេតុ ។ សម្ភារ:បាត់បង់រួមមាន÷កាបូបស្ពាយចំហៀង០១ ក្នុងនោះមានប្រាក់ចំនួន ២០០ដុល្លានិងប្រាក់រៀល ៦០ម៉ឺនរៀល,អត្តសញ្ញាណប័ណ្ណច្បាប់ដើម និងហ្វូតូ០២ សន្លឹក – បណ្ណ ប.ស.ស ច្បាប់ដើមនិងហ្វូតូ០២សន្លឹក ។
ចំនែកជនសង្ស័យមាន២នាក់ ០១- ឈ្មោះ ម៉ាន ស៊ូទី ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន)មានទីលំនៅភូមិកណ្ដាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល (វិជ្ជមាននូវសារធាតុញៀន ) ។
វត្ថុតាងចាប់យករួមមាន÷ម៉ូតូម៉ាក HONDA DREAM C125 ពណ៌ខ្មៅ កាំបន្ទះពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1JP-4625 ចំនួន ០១គ្រឿង របស់ជនសង្ស័យ ជិះធ្វើសកម្មភាព ឯជនសង្ស័យទី០២ឈ្មោះ ការីម រំម៉ាលី ភេទប្រុសអាយុ ២៦ឆ្នាំ ជនជាតិខ្មែរឥស្លាម ( គេចខ្លួន)។
សមត្ថកិច្ចបានអោយដឹងទៀតថា ជនសង្ស័យគឺជាមុខ សញ្ញាប្រើប្រាស់គ្រឿងញៀន ដោយនៅវេលាកើតហេតុ ជនសង្ស័យទាំង០២នាក់ជិះម៉ូតូតាមផ្លូវបេតុងក៏ប្រទះ ឃើញកាបូបស្ពាយចំហៀង របស់ស្ត្រីរងគ្រោះ ព្យួរនៅដៃម៉ូតូ ហើយមិនឃើញមានម្ចាស់។ ភ្លាមនោះជនសង្ស័យក៏បានលួចយករួចជិះម៉ូតូគេចចេញទៅទិសខាងត្បូង ឯស្ត្រីរងគ្រោះបាបឃើញទាន់ក៏ជិះម៉ូតូដេញតាម តែដេញមិនទាន់។ បន្ទាប់មកស្ត្រីរងគ្រោះ ក៏បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលឬស្សីជ្រោយ។
ក្រោយទទួលពាក្យបណ្ដឹងភ្លាម កម្លាំងសមត្ថកិច្ច បានចុះទៅដល់កន្លែងកើតហេតុស្រាវជ្រាវ និងកំណត់មុខ សញ្ញា រហូតមកដល់ ថ្ងៃទី១៤ខែមិថុនាឆ្នាំ២០២៦ សមត្ថកិច្ចក៏ធ្វើការឃាត់ខ្លួនជនសង្ស័យបានម្នាក់ ឈ្មោះ ម៉ាន ស៊ូទី យកមកធ្វើការសាកសួរ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឆ្លើយសារភាពថា៖ ខ្លួននិងឈ្មោះ ការីម រំម៉ាលី ពិតជាបានធ្វើសកម្មភាពលួចយកកាបូបស្ពាយចំហៀងរបស់ស្ត្រីរងគ្រោះពិត ប្រាកដមែន ដោយ ប្រាក់នៅក្នុងកាបូបនោះ ពួកខ្លួនបានចែកគ្នានិងទិញថ្នាំញៀនយកមកប្រើប្រាស់អស់មួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកមុខកំពូលដើម្បីបន្តចាត់ការតាមនីតិវិធី៕










