ខេត្តកំពង់ស្ពឺ៖ ជនសង្ស័យចំនួន៤នាក់ត្រូវបានកម្លាំងនគរបាលស្រុកសំរោងទង នៃខេត្តកំពង់ស្ពឺ បានសហការជាមួយកម្លាំងនគរបាលស្រុកអង្គស្នួលនៃខេត្តកណ្ដាលធ្វើការស្រាវជ្រាវឃាត់ខ្លួនបានក្រោយពីធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងក្នុងវត្តអង្គពោធិ៍ ហើយគណៈកម្មការវត្តឃាត់ខ្លួន។
នគរបាលស្រុកសំរោសំរោងឱកយដឹងថា មុនពេលឃាត់ ខ្លួនក្រុមជនសង្ស័យខាងលើ នៅវេលាម៉ោង៧និង១០នាទីព្រឹកថ្ងៃទី១៤ ខែមិថុនាឆ្នាំ២០២៦ គណៈកម្មការវត្តអង្គពោធិ៍ ដែលមានទីតាំងនៅក្នុងភូមិក្រាំងក្រូច ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានឃាត់ខ្លួន ឈ្មោះ យឿន សូរិយា ហៅ(រុយ) ភេទប្រុស អាយុ២៣ឆ្នាំមុខ របរមិនពិតប្រាកដ រស់នៅក្នុងភូមិត្រពាំងកកោះ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ប្រគល់ជូនសមត្ថកិច្ច។ គណៈកម្មការវត្តអង្គពោធិ៍បានរៀបរាប់ប្រាប់សមត្ថកិច្ចថា នៅវេលាម៉ោង ៧ និង១០នាទី ឈ្មោះ ខាងលើបានជិះម៉ូតូម៉ាក អ៉ីស៉ីទ័រ ពណ៌ខៀវ គ្មានផ្លាកលេខ ឌុបឈ្មោះ វ៉ាត់ ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិត្រោកវែង ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ចូលក្នុងវត្ត រួចដើរចូលក្នុងព្រះវិហារ បម្រុងកាត់យកខ្សែភ្លើង ពេលនោះគណៈកម្មការវត្តបានឃើញក៏ឃាត់ឈ្មោះ តឿន សូរិយា ហៅ(រុយ) ខាងលើ ចំណែកឈ្មោះ វ៉ាត់ ជិះម៉ូតូគេចខ្លួន។
នគរបាលស្រុកសំរោងទងបានបន្តឲ្យដឹងទៀតថា បើយោងតាមចម្លើយសារភាពរបស់ឈ្មោះ យឿន សូរិយា ហៅរុយ រូបខ្លួនពិតជាប៉ុនប៉ងលួចយកខ្សែភ្លើងពិត ប្រាកដមែន។ កន្លងទៅខ្លួន ធ្លាប់ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនរងគ្រោះចំនួន ៤លើក ( ក្នុងស្រុកសំរោងទងចំនួន១លើក ស្រុកគងពិសី ចំនួន២លើក ស្រុកអង្គស្នួលចំនួន១លើក និង ធ្លាប់លួចកាត់យកខ្សែភ្លើងចំនួន៤លើក។
នគរបាលស្រុកសំរោងទងបានបន្តឲ្យដឹងទៀតថាយោងតាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើ រហូតដល់វេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងព្រហ្មទណ្ឌស្រុកសំរោងទង សហការជាមួយកម្លាំងនគរបាល ស្រុកគងពិសី និង ស្រុកអង្គស្នួល នៃខេត្តកណ្តាល បានបន្ដឃាត់ខ្លួនបក្ខពួកជនសង្ស័យចំនួន៣នាក់ទៀត÷ ទី១- ឈ្មោះ វ៉ាន់ ឌី ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិតារោង ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ធ្លាប់ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃចំនួន១លើក លួចទូរស័ព្ទចំនួន១លើក និង លួចកាត់ខ្សែភ្លើងចំនួន៧លើក ទី២- ឈ្មោះ អំ ហេង ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅក្នុងភូមិតារោង ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ធ្លាប់លួចខ្សែភ្លើង បានចំនួន៣លើក និងទី៣- ឈ្មោះ សុខ សុផានិត ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅក្នុងភូមិជៃតាគួន ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ធ្លាប់ឆបោកម៉ូតូជនរងគ្រោះចំនួន២លើក នៅក្នុងស្រុកគងពិសី។ សរុបសមត្ថកិច្ច ធ្វើការឃាត់ជនសង្ស័យជាមុខសញ្ញាចំនួន៤នាក់ និងដកហូតវត្ថុតាង ម៉ូតូ ១គ្រឿង កន្ត្រៃចំនួន៥ ដង្កាប់ចំនួន២ កាំបិតចុចចំនួន២ និងស៊ីមទូរស័ព្ទចំនួន១៤ ផងដែរ។
នគរបាលស្រុកសំរោងទងបានបញ្ជាក់ឱ្យដឹងថាក្រោយឃាត់ខ្លួនក្រុមជនសង្ស័យរួមជាមួយនឹងវត្ថុតាង នគរបាលបានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕










