ខេត្តពោធិ៍សាត់ ៖ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ លោក នាយខណ្ឌរដ្ឋបាលជលផល ដឹកនាំមន្ត្រីរួមសហការដោយកងកម្លាំងប្រដាប់អាវុធ ចុះពិនិត្យ និងបង្រ្កាបបទល្មើសនេសាទ ខុសប្រវែង និងក្រឡា ។
ករណីសមត្ថកិច្ចសហការចុះពិនិត្យ និងបង្រ្កាបបទល្មើសនេសាទខាងលើ ធ្វើឡើងត្រង់ចំណុចប្រឡាយតាពេជ្រ(តំបន់កដប)ស្ថិតនៅកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
តាមការបញ្ជាក់ពីសមត្ថកិច្ចចុះអនុវត្តផ្ទាល់បានឲ្យថា ការពិនិត្យជាក់ស្ដែង កម្លាំងបានអនុវត្ត ដោយកាត់ដំរ៉ឹមរបាំងលប ណរ៉ាវ និងដាក់កាត់ទទឹងមុខទឹក លទ្ធផល រុះរើ និងបំផ្លាញចោលនូវឧបករណ៍ចាប់ត្រី ។ ក្នុងនោះ របាំងសាច់អួនចំនួន០៦ខ្សែ ស្មើនឹងប្រវែង៦៥០ម៉ែត្រ លូកងសាច់អួនចំនួន០៦គ្រឿង បង្គោលចម្រឹងចំនួន១១៥ដើម និងសង្គោះត្រីចម្រុះចាក់ចូលបឹងទន្លេសាបវិញចំនួន០៥គីឡូក្រាមផងដែរ ។
ប្រភពបញ្ជាក់ទៀតថា កម្លាំងនឹងបន្តសហការចុះពិនិត្យ និងបង្រ្កាបបទល្មើសនេសាទនេះ ឲ្យដូចភ្លៀងរលឹម ខណៈរដូវនេះជារដូវបិទនេសាទ ៕ ដោយៈ ប៉ឹម ពិន










