តុលាការក្នុងទីក្រុង Valencia បានសម្រេចកាត់ទោសខ្សែប្រយុទ្ធអេស្ប៉ាញ Rafa Mir ឱ្យជាប់ពន្ធនាគារ ៨ឆ្នាំកន្លះ បន្ទាប់ពីរកឃើញថាមានពិរុទ្ធពីបទរំលោភផ្លូវភេទ និងបទបង្ករបួសស្នាមលើជនរងគ្រោះ។
សំណុំរឿងនេះបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅប្រទេស អេស្ប៉ាញខណៈបញ្ហាសិទ្ធិនារី និងអំពើហិង្សាផ្លូវភេទនៅក្នុងវិស័យកីឡា បានក្លាយជាប្រធានបទរសើបក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីករណីពាក់ព័ន្ធនឹងអតីតប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ Luis Rubiales និងអតីតតារាបាល់ទាត់ Dani Alves។
Rafa Mir ត្រូវបានចាប់ខ្លួនកាលពីខែកញ្ញា ឆ្នាំ 2024 បន្ទាប់ពីស្ត្រីម្នាក់បានដាក់ពាក្យបណ្តឹងចោទប្រកាន់ថា រូបលោកបានប្រព្រឹត្តអំពើរំលោភផ្លូវភេទ។ នៅពេលនោះ មេធាវីរបស់ Mir បានអះអាងថា ទំនាក់ទំនងផ្លូវភេទបានកើតឡើងដោយការយល់ព្រមពីភាគីទាំងសងខាង ហើយកីឡាកររូបនេះបានបដិសេធការចោទប្រកាន់ទាំងស្រុង។
យោងតាមសេចក្តីសម្រេចរបស់តុលាការ Rafa Mir និងកីឡាករបាល់ទាត់ម្នាក់ទៀត បានជួបនារីវ័យក្មេងពីរនាក់នៅក្លឹបរាត្រីមួយក្នុងទីក្រុង Valencia មុនពេលនាំពួកគេទៅកាន់ផ្ទះរបស់ Mir ដើម្បីបន្តការជួបជុំ។
តុលាការបានរកឃើញថា Mir បានប្រព្រឹត្តអំពើរំលោភផ្លូវភេទលើនារីម្នាក់នៅក្បែរអាងហែលទឹក និងក្នុងបន្ទប់ទឹកនៃលំនៅដ្ឋានរបស់ខ្លួន។
ក្នុងសេចក្តីសម្រេច តុលាការបានសង្កត់ធ្ងន់ថា សក្ខីកម្មរបស់ជនរងគ្រោះមានភាពស៊ីសង្វាក់គ្នា និងគួរឱ្យជឿជាក់ ហើយត្រូវបានគាំទ្រដោយសក្ខីកម្មសាក្សី និងរបាយការណ៍កោសល្យវិច្ច័យ។
ក្រៅពីទោសជាប់ពន្ធនាគារ តុលាការក៏បានបញ្ជាឱ្យ Rafa Mir បង់សំណងចំនួន 64,000 អឺរ៉ូ (ប្រមាណ 74,300 ដុល្លារអាមេរិក) ជូនជនរងគ្រោះផងដែរ។ ទោះជាយ៉ាងណា សេចក្តីសម្រេចនេះមិនទាន់ចូលជាស្ថាពរនៅឡើយ ហើយភាគីជាប់ចោទនៅតែមានសិទ្ធិប្តឹងឧទ្ធរណ៍។
បច្ចុប្បន្ន Rafa Mir កំពុងលេងឱ្យក្លិប Elche CF ក្នុងលក្ខខណ្ឌខ្ចីជើងពី Sevilla FC។ នៅពេលកើតហេតុក្នុងឆ្នាំ 2024 រូបលោកស្ថិតក្រោមកិច្ចសន្យាជាមួយក្លិប Valencia CF។
ជាការឆ្លើយតប ក្លឹប Sevilla បានចេញសេចក្តីថ្លែងការណ៍បង្ហាញការគោរពចំពោះសេចក្តីសម្រេចរបស់តុលាការ និងថ្កោលទោសយ៉ាងដាច់អហង្ការចំពោះគ្រប់ទម្រង់នៃអំពើហិង្សា ការរំលោភបំពាន និងការរំលោភផ្លូវភេទ។
ក្លិបបានបញ្ជាក់ថា៖ «អំពើបែបនេះគ្មានកន្លែងនៅក្នុងសង្គម ឬតម្លៃដែលវិស័យកីឡាលើកកម្ពស់នោះទេ»។
ខ្សែប្រយុទ្ធវ័យ 28 ឆ្នាំរូបនេះ ធ្លាប់លេងឱ្យក្លិប Wolverhampton Wanderers និងធ្លាប់តំណាងឱ្យក្រុមជម្រើសជាតិអេស្ប៉ាញក្នុងព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូផងដែរ៕










