ខេត្តបាត់ដំបង÷កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង ដឹកនាំដោយលោក ផេង សិទ្ធី អភិបាល រងខេត្ត ដោយមានការសម្របសម្រួលនីតិវិធីពីលោក ឡី សិរីរិទ្ធិ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត បានចុះធ្វើការត្រួតពិនិត្យទីតាំងលក់ទំនិញមួយកន្លែងដែលសង្ស័យជាប់ពាក់ព័ន្ធនឹងស្តុកសាច់បង្កក និងផលិតផលដែលមានប្រភពមកពីប្រទេសថៃ ។
កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង ០៩និង០០នាទី ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ នៅទីតាំង ហាងមួយកន្លែងយីហោ ហ្វ្រេសហ្សប (FRESH SHOP) តាមបណ្តោយផ្លូវលេខ១ ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងខេត្តបាត់ដំបង ដោយបានធ្វើការឃាត់ខ្លួនម្ចាស់ទីតាំងចំនួន ០២នាក់
១. ឈ្មោះ ឆាត ច័ន្ទថន ភេទស្រី អាយុ ២៧ឆ្នាំ មុខរបរអ្នកគ្រប់គ្រងទូទៅសាខាខេត្តបាត់ដំបង និង២. ឈ្មោះ ឈឿម នីត ភេទស្រី អាយុ ២៦ឆ្នាំ ជំនួយការអ្នកគ្រប់ គ្រងទូទៅសាខាខេត្ត រួមជាមួយវត្ថុតាងដកហូតមាន÷ សាច់មាន់ (ខូចគុណភាព) ចំនួន ១៥ថង់ស្មើនឹង៣៤១ គីឡូក្រាម , មឹកបំពង់ (ហួសកាលបរិច្ឆេទ) ចំនួន ០៨ កេស ស្មើនឹង ១២០គីឡូក្រាម ,ត្រីសាបាក់ (ខូច គុណភាព) ចំនួន ៣០កេស ស្មើនឹង ៦០គីឡូក្រាម ។
បន្ទាប់ពីពិនិត្យចប់ អ្នកគ្រប់គ្រងនិងជំនួយការទាំង០២នាក់ត្រូវបានឃាត់ខ្លួនបញ្ជូនទៅការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីធ្វើការសាកសួរ ដោយឡែកវត្ថុតាងដែលបានដកហូតខាងលើត្រូវបានក្រុមការងារចម្រុះសម្រេចយកទៅបំផ្លាញចោលផងដែរ ៕










