ប្រធានក្រុមជម្រើសជាតិបារាំង Kylian Mbappe បានក្លាយជាកីឡាកររកគ្រាប់បាល់ច្រើនបំផុតក្នុងប្រវត្តិសាស្ត្រក្រុមជម្រើសជាតិបារាំង បន្ទាប់ពីស៊ុតបញ្ចូលទី 2 គ្រាប់ក្នុងជ័យជម្នះ 3-1 លើក្រុម សេណេហ្គាល់នៅក្នុងការប្រកួត FIFA World Cup 2026 កាលពីថ្ងៃអង្គារ។
ខ្សែប្រយុទ្ធរបស់ Real Madrid វ័យ 27 ឆ្នាំរូបនេះ បានបំបែកកំណត់ត្រាចាស់ 57 គ្រាប់របស់ Olivier Giroud ដោយរកបានគ្រាប់បាល់ទី 58 និង 59 សម្រាប់ក្រុមជម្រើសជាតិបារាំង។
ការប្រកួតដែលធ្វើឡើងនៅកីឡដ្ឋាន New York New Jersey នោះ Mbappe បានស៊ុតគ្រាប់បាល់ទីមួយនៅនាទីទី 66 ដោយបញ្ជូនបាល់ផុតដៃអ្នកចាំទីសេណេហ្គាល់យ៉ាងស្អាតមុននឹងបន្ថែមគ្រាប់ទីពីរដ៏អស្ចារ្យក្នុងម៉ោងបន្ថែមនៃតង់ទីពីរ។
អតីតកីឡាករបារាំង Olivier Giroud ដែលបច្ចុប្បន្នកំពុងធ្វើជាអ្នកវិភាគបាល់ទាត់ បានសម្តែងការអបអរសាទរដល់ Mbappe ថា៖ «សូមអបអរសាទរ Kylian! អ្នកធ្វើវាបានហើយ។ ខ្ញុំពិតជារីករាយសម្រាប់គាត់ណាស់»។
Giroud ក៏បានបង្ហើបផងដែរថា Mbappe បានសន្យាថានឹងផ្តល់អាវប្រកួតមួយដល់លោកជាអនុស្សាវរីយ៍។
Mbappe ត្រូវបានស្ថិតក្រោមសម្ពាធ និងការរំពឹងទុកយ៉ាងខ្លាំងមុនការប្រកួត World Cup ឆ្នាំនេះ ប៉ុន្តែរូបគេបានបង្ហាញទម្រង់លេងដ៏លេចធ្លោក្នុងវគ្គទីពីរ ដើម្បីជួយឱ្យបារាំងចាប់ផ្តើមយុទ្ធនាការក្នុងពូល I ដោយទទួលបានជ័យជម្នះយ៉ាងសំខាន់។
បន្ទាប់ពីការប្រកួតនេះ បារាំងនឹងត្រូវជួបក្រុម អ៊ីរ៉ាក់ នៅទីក្រុង Philadelphia នាថ្ងៃចន្ទខាងមុខ មុនប៉ះក្រុម ន័រវែស ក្នុងការប្រកួតចុងក្រោយនៃវគ្គចែកពូលនៅថ្ងៃទី 26 ខែមិថុនា។
ជាមួយនឹងការបំបែកកំណត់ត្រាប្រវត្តិសាស្ត្រនេះ Mbappe បានបន្ថែមស្នាដៃដ៏អស្ចារ្យមួយទៀតក្នុងអាជីពរបស់ខ្លួន និងបញ្ជាក់ថា រូបគេនៅតែជាកម្លាំងសំខាន់បំផុតរបស់ក្រុមជម្រើសជាតិបារាំងក្នុងការប្រជែងពានរង្វាន់ World Cup 2026៕










