ក្រុមការពារតំណែងជើងឯកពិភពលោក អាហ្សង់ទីន បានចាប់ផ្តើមយុទ្ធនាការ World Cup 2026 យ៉ាងអស្ចារ្យ ក្រោយយកឈ្នះ អាល់ហ្សេរី ក្នុងលទ្ធផល 3-0 នៅពូល J កាលពីថ្ងៃអង្គារ ដោយខ្សែប្រយុទ្ធកំពូល លីអូណែល មេស៊ី (Lionel Messi) រកបាន បីគ្រាប់តែម្នាក់ឯង(Hat-trick) ដ៏អស្ចារ្យមួយ។
ជ័យជម្នះនេះមិនត្រឹមតែជួយឱ្យអាហ្សង់ទីនទទួលបាន 3 ពិន្ទុសំខាន់ប៉ុណ្ណោះទេ ប៉ុន្តែមេស៊ីក៏បានតាមស្មើកំណត់ត្រាអ្នករកគ្រាប់បាល់ច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ World Cup ផងដែរ ដោយមាន 16 គ្រាប់ ស្មើនឹងអតីតខ្សែប្រយុទ្ធអាល្លឺម៉ង់ Miroslav Klose។
ក្នុងវ័យ 38 ឆ្នាំ មេស៊ីក៏បានក្លាយជាកីឡាករវ័យចំណាស់បំផុតដែលអាចរកបាន Hat-trick នៅ World Cup ហើយថ្ងៃនេះក៏ជាខួបគម្រប់ 20 ឆ្នាំគត់ នៃគ្រាប់បាល់ដំបូងរបស់គាត់ក្នុងព្រឹត្តិការណ៍ World Cup ផងដែរ។
ការប្រកួតនៅកីឡដ្ឋាន Kansas City Stadium បានក្លាយជាវេទិកាបង្ហាញសមត្ថភាពដ៏អស្ចារ្យរបស់ប្រធានក្រុមអាហ្សង់ទីន ដែលកំពុងត្រៀមឈានចូលវ័យ 39 ឆ្នាំនៅចុងខែនេះ។ មេស៊ីក៏បានបង្ហាញខ្លួនឱ្យជម្រើសជាតិលើកទី 200 និងក្លាយជាកីឡាករដំបូងគេក្នុងប្រវត្តិសាស្ត្រដែលបានចូលរួម World Cup ចំនួន 6 លើក។
មេស៊ីធ្វើឱ្យអ្នកគាំទ្ររាប់ម៉ឺននាក់សប្បាយចិត្តនៅនាទីដំបូងៗ ដោយស៊ុតបញ្ចូលទីបានមួយគ្រាប់ ប៉ុន្តែត្រូវបាន VAR ច្រានចោលដោយសារតែ Offside។
យ៉ាងណាក៏ដោយ គ្រាប់បាល់ដំបូងពិតប្រាកដបានកើតឡើងនៅនាទីទី 17 នៅពេល Rodrigo De Paul បញ្ជូនបាល់យ៉ាងល្អឱ្យមេស៊ី រួចខ្សែប្រយុទ្ធរូបនេះស៊ុតពីចម្ងាយប្រមាណ 25 យ៉ាត បាល់ប៉ះចុងម្រាមដៃអ្នកចាំទី Luca Zidane មុនចូលទីយ៉ាងស្រស់ស្អាត។
គ្រាប់ទីពីររបស់មេស៊ីកើតឡើងនៅនាទីទី 60 បន្ទាប់ពីអ្នកចាំទី Zidane ទប់បាល់មិនជាប់ ក្រោយការស៊ុតរបស់ Alexis Mac Allister ធ្វើឱ្យមេស៊ីមានឱកាសបញ្ចប់ទីយ៉ាងងាយស្រួល។
ខណៈនៅនាទីទី 76 មេស៊ីបានបំពេញ Hat-trick របស់ខ្លួន ដោយស៊ុតបាល់យ៉ាងខ្លាំងមួយគ្រាប់ទៀត ក្រោយទទួលបានការបញ្ជូនពីកីឡាករបម្រុង Nico Gonzalez។
ខាងអាល់ហ្សេរីក៏ធ្លាប់មានឱកាសអបអរគ្រាប់បាល់មួយគ្រាប់ផងដែរ នៅពេល Fares Chaibi បញ្ជូលទីបាន ប៉ុន្តែត្រូវបានច្រានចោលដោយសារ Offside ដូចគ្នា។
ជាមួយនឹងជ័យជម្នះនេះ អាហ្សង់ទីនបានបង្ហាញថា ពួកគេនៅតែជាបេក្ខភាពខ្លាំងមួយសម្រាប់ការពារតំណែងជើងឯក និងក្លាយជាក្រុមបុរសដំបូងគេចាប់តាំងពីប្រេស៊ីលឆ្នាំ 1962 ដែលអាចឈ្នះ World Cup ពីរលើកជាប់គ្នា។
ការប្រកួតបន្ទាប់ អាហ្សង់ទីននឹងជួប អូទ្រីស នៅទីក្រុង Arlington រដ្ឋ Texas ខណៈអាល់ហ្សេរីត្រូវប៉ះ ហ្ស៊កដានី នៅទីក្រុង Santa Clara រដ្ឋ California៕










