ភ្នំពេញ៖ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ បានសហការជាមួយមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា ក្រុមយុវជនស្ម័គ្រចិត្តភូមិភាគស្វយ័តក្វាងស៊ី និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន រៀបចំពិធីផ្លាស់ប្តូរវប្បធម៌កម្ពុជា-ចិនមួយប្រកបដោយអត្ថន័យ ដោយផ្តោតលើប្រពៃណីសែននំចាំង របស់ជនជាតិចិន ដែលជាបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃ និងត្រូវបានបន្តអភិរក្សរហូតមកដល់បច្ចុប្បន្ន។
លោកស្រី Wang Yahui ប្រធានការិយាល័យមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍប្រចាំកម្ពុជា បានគូសបញ្ជាក់ពីសារៈសំខាន់នៃការផ្លាស់ប្តូរវប្បធម៌ និងការសិក្សារៀនសូត្រពីអរិយធម៌ទៅវិញទៅមក ដែលជាមូលដ្ឋានដ៏រឹងមាំសម្រាប់ការពង្រឹងចំណងមិត្តភាព និងការយល់ដឹងរវាងប្រជាជនកម្ពុជា និងចិន។ កម្មវិធីនេះមិនត្រឹមតែជាការបង្ហាញអំពីភាពសម្បូរបែបនៃវប្បធម៌ប្រពៃណីនៃប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាវេទិកាសម្រាប់យុវជនជំនាន់ក្រោយក្នុងការឈ្វេងយល់ អភិរក្ស និងបន្តផ្សព្វផ្សាយតម្លៃវប្បធម៌ដ៏ល្អផូរផង់ទាំងនេះផងដែរ។
លោកស្រី បន្ថែម ថា ចំណុចពិសេសនៃកម្មវិធីគឺការបង្ហាញ និងការអនុវត្តផ្ទាល់នូវសិល្បៈវេចអន្សមរបស់ខ្មែរ និងការវេចនំចាំងរបស់ចិន ដែលជានិមិត្តរូបនៃប្រពៃណី និងជីវភាពរស់នៅរបស់ប្រជាជនប្រទេសទាំងពីរ។ អ្នកចូលរួមបានសិក្សាពីប្រវត្តិ អត្ថន័យ និងវិធីសាស្ត្ររៀបចំម្ហូបអាហារប្រពៃណីទាំងនេះ ដែលឆ្លុះបញ្ចាំងពីគុណតម្លៃនៃការគោរពបុព្វបុរស ការរួបរួមគ្រួសារ និងការរក្សាអត្តសញ្ញាណវប្បធម៌ជាតិ។
លោក ផេង ស៊ីថា សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ តំណាងលោកបណ្ឌិត ហេង សុផាឌី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានថ្លែងថា ការរៀបចំពិធីផ្លាស់ប្តូរវប្បធម៌កម្ពុជា-ចិននាពេលនេះ គឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងទំនាក់ទំនងប្រជាជននិងប្រជាជន ក៏ដូចជាការលើកកម្ពស់ការយល់ដឹងអំពីវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា និងចិន។ តាមរយៈសកម្មភាពជាក់ស្តែងទាំងនេះ មិត្តភាពជាប្រពៃណីរវាងប្រទេសយេីងទាំងពីរនឹងបន្តរីកចម្រើនកាន់តែរឹងមាំ និងបង្កើតឱកាសថ្មីៗសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ អប់រំ និងការផ្លាស់ប្តូរយុវជននាពេលអនាគត។
លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគម អ្នកស្រាវជ្រាវ វឌ្ឍនភាព កម្ពុជា -ចិន បានជម្រាបថា តាមរយៈ កម្មវិធីនាថ្ងៃនេះ អង្គពិធីក៏បានយល់ដឹងពីពិធីបុណ្យសែននំចាំង ឬ Dragon Boat Festival ដែលជាពិធីបុណ្យប្រពៃណីដ៏សំខាន់មួយរបស់ប្រជាជាតិចិនផងដែរ។ ពិធីបុណ្យ នេះត្រូវបានប្រារព្ធឡើងដើម្បីរំលឹក និងគោរពដល់លោក ឈី យៀន ដែលជាអ្នកប្រាជ្ញ អ្នកនិពន្ធ និងមន្ត្រីស្មោះត្រង់មួយរូបនៃនគរឈូ ដែលបានលះបង់ខ្លួនដើម្បីជាតិ និងបានរួមចំណែកយ៉ាងធំធេងដល់ វប្បធម៌ និងអរិយធម៌ចិន។ ទន្ទឹមនឹងនេះ ការប្រណាំងទូកនាគ ដែលជាផ្នែកដ៏សំខាន់នៃពិធីបុណ្យក្នុងការ បង្ហាញពីស្មារតីសាមគ្គីភាព ការសហការគ្នា និងកម្លាំងរួបរួមរបស់ប្រជាជនចិនផងដែរ។
គួរបញ្ជាក់ផងដែរថា កម្មវិធីពេញមួយព្រឹកនេះក៏មានរៀបចំការសម្តែងតន្ត្រីបុរាណខ្មែរ ដើម្បីបង្ហាញពីសម្រស់នៃសិល្បៈតន្ត្រីជាតិ ការគូរគំនូរបែបវប្បធម៌ និងការស្លៀកសម្លៀកបំពាក់ប្រពៃណីជនជាតិចិន ដែលបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់និស្សិត និងអ្នកចូលរួម។ សកម្មភាពទាំងនេះបានបង្កើតបរិយាកាសរស់រវើក ស្និទ្ធស្នាល និង ពោរពេញដោយស្មារតីមិត្តភាព រវាងយុវជននៃប្រទេសយើងទាំងពីរ កម្ពុជា -ចិន៕ដោយ៖តារា










