បូស្តុន៖ ខ្សែប្រយុទ្ធកំពូលរបស់ន័រវេស អឺលីង ហាឡែន (Erling Haaland) បានបង្ហាញសមត្ថភាពដ៏អស្ចារ្យក្នុងការបង្ហាញខ្លួនលើកដំបូងនៅព្រឹត្តិការណ៍ FIFA World Cup ដោយរកបាន ២ គ្រាប់ ជួយក្រុមជម្រើសជាតិន័រវេសយកឈ្នះអ៊ីរ៉ាក់ក្នុងលទ្ធផល ៤-១ ។
ការប្រកួតនេះបានធ្វើឱ្យការប្រជែងស្បែកជើងមាស (Golden Boot) កាន់តែក្តៅគគុក បន្ទាប់ពីប្រធានក្រុមបារាំង Kylian Mbappé រកបាន ២ គ្រាប់ទល់នឹងសេណេហ្គាល់ មុនពេលហាឡែនឆ្លើយតបវិញដោយការស៊ុត ២ គ្រាប់ដូចគ្នា។
ទោះបីជាអ៊ីរ៉ាក់អាចតាមស្មើបានមួយគ្រាប់តាមរយៈការតែតបញ្ចូលទីយ៉ាងស្រស់ស្អាតរបស់ Aymen Hussein ក៏ដោយ ប៉ុន្តែហាឡែននៅតែជាតួឯកនៃការប្រកួត។
គ្រាប់ទីពីររបស់កីឡាកររូបនេះកើតឡើងក្រោយកំហុសធ្ងន់ធ្ងររបស់អ្នកចាំទីអ៊ីរ៉ាក់ Jalal Hassan ដែលព្យាយាមបោសបាល់ចេញ ប៉ុន្តែបាល់បែរជាប៉ះរាងកាយរបស់ហាឡែនហើយចូលទីខ្លួនឯងទៅវិញ។
ទោះជាយ៉ាងណា អ៊ីរ៉ាក់មិនបានបោះបង់ការប្រកួតឡើយ ដោយពួកគេបានបង្កើតឱកាសជាច្រើនដើម្បីរកគ្រាប់បាល់តាមស្មើជាលើកទីពីរ។ ប៉ុន្តែនៅចុងការប្រកួត កីឡាករបម្រុង Leo Østigård បានតែតបញ្ចូលទីពីការលើកបាល់ជ្រុងរបស់ប្រធានក្រុម Martin Ødegaard ដើម្បីបិទការប្រកួត និងធានាជ័យជម្នះ ៤-១ សម្រាប់ន័រវេស។
មុនចាប់ផ្តើមការប្រកួត ហាឡែនក៏បានទាក់ទាញចំណាប់អារម្មណ៍អ្នកគាំទ្រផងដែរ ដោយជ្រើសរើសដាក់ឈ្មោះកណ្តាលរបស់ខ្លួន “Braut” ដែលជានាមត្រកូលរបស់ម្តាយ នៅលើខ្នងអាវប្រកួត។
ជ័យជម្នះនេះផ្តល់ការចាប់ផ្តើមដ៏ល្អឥតខ្ចោះសម្រាប់ន័រវេស ក្នុងការវិលត្រឡប់មកកាន់ World Cup ជាលើកដំបូងក្នុងរយៈពេល ២៨ ឆ្នាំ ខណៈហាឡែនបានផ្ញើសារយ៉ាងច្បាស់ទៅកាន់គូប្រជែងថា រូបគេគឺជាបេក្ខភាពដ៏ខ្លាំងម្នាក់សម្រាប់ពានស្បែកជើងមាស World Cup 2026៕










