ខេត្តព្រះសីហនុ៖ បុរសម្នាក់បានលីពូថៅទៅកាប់យ៉ាងញាប់ដៃដូចម៉ាសុីនដេនៅលើក្រុមគ្រួសារបុរសម្នាក់ទៀតបណ្តាលឲ្យស្ត្រីម្នាក់ជាប្រពន្ធរងរបួសធ្ងន់រហូតដល់ស្លាប់នៅក្លីនិកឯកជន ហើយបុរសម្នាក់ជាប្ដីនិងកូនស្រីម្នាក់ទៀតរងរបួសធ្ងន់។
ករណីមនុស្សឃាតយ៉ាងសាហាវឃោឃៅនេះត្រូវគេសង្ស័យថា អាចបណ្តាលមកពីរឿងគំនុំ ហើយករណីនេះបានឡើងកាលពីវេលាម៉ោង៩និង៤៥នាទីយប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅក្នុងចំណុចបរិវេណដីជនរងគ្រោះនៅក្រុមទី៥ ភូមិត្រពាំងស្អុយ១ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ក្រោយបង្កហេតុភ្លាមៗបុរសកំណាចដែរជាជនសង្ស័យត្រូវបានក្រុមប្រជាពលរដ្ឋនៅក្បែរនោះនាំគ្នាដេញព័ន្ធចាប់បានភ្លាមៗនិងដកហូតបានវត្ថុតាងពូថៅមួយផងដែរ ហើយយកទៅប្រគល់ឲ្យសមត្ថកិច្ច។ ពេលចាប់បានភ្លាមជនសង្ស័យស្ថិតក្នុងអាការៈស្រវឹងស្រាយ៉ាងខ្លាំង។
មន្ត្រីកងរាជអាវុធហត្ថមូលដ្ឋានស្រុកព្រៃនប់បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ផាន់ ចាន់ឌី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកសិករ ទីលំនៅក្នុងភូមិជាមួយគ្នា។ ដោយឡែកជនរងគ្រោះរបួសធ្ងន់រហូតដល់ស្លាប់មានឈ្មោះ ឈួន ស្រីល័ក្ខ ភេទស្រី អាយុ៣១ឆ្នាំ មុខរបរកសិករ ស្លាប់ក្រោយពេលបញ្ជូនមកសង្គ្រោះនៅគ្លីនិក។ ចំណែកបុរសរងរបួសធ្ងន់ឈ្មោះ យ៉ូង ឆាយ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរជាងក្រឡឹង និងឈ្មោះ ឆាយ ដាលីន ភេទស្រីអាយុ១៥ឆ្នាំ ត្រូវជាកូនបង្កើតរបស់ឈ្មោះ យ៉ូង ឆាយ រងរបួសធ្ងន់ បញ្ជូនទៅព្យាបាលនៅភ្នំពេញ។
ពាក់ព័ន្ធនិងករណីប្រើអំពើហិង្សាយកពូថៅមកកាប់ចិញ្ច្រាំមនុស្សគ្មានញញើតដៃនេះត្រូវបានសមត្ថកិច្ចសន្និដ្ឋានថាអាចជារឿងគំនុំ ខណៈបុរសរងគ្រោះឈ្មោះ យ៉ូង ឆាយ បាននិយាយប្រាប់សមត្ថកិច្ចនៅក្លីនិកថា មុនពេលមានហេតុការណ៍ដេញកាប់ប្រហារក្រុមគ្រួសារគាត់នោះ ជនសង្ស័យបានដើរមកឈប់មុខផ្ទះគាត់ដោយមានអាការៈស្រវឹងស្រាជោគ ហើយបាននិយាយជាមួយគាត់។ នៅពេលនិយាយគ្នានោះបានតែប៉ុន្មានម៉ាត់សោះក៏ឈ្លោះប្រកែកគ្នាជាពាក្យសម្តីបន្ទាប់មកជនសង្ស័យបានដើរទៅផ្ទះដែរនៅក្បែរគ្នាបាត់ទៅ។
ជនរងគ្រោះបន្តថា ពេលឃើញជនសង្ស័យដើរចូលផ្ទះដូច្នេះគាត់ក៏ដើរចូលក្នុងផ្ទះដែរ គ្រាន់តែគាត់ដើរចូលផ្ទះមិនទាន់បានស្រួលបួលផងក៏ក្រឡេកឃើញឈ្មោះ ផាន់ ចាន់ឌី លីពូថៅរត់ចូលមកផ្ទះគាត់ធ្វើសកម្មភាពដេញកាប់គាត់និងគ្រួសារគាត់បណ្តាលឲ្យរងរបួសធ្ងន់និងស្លាប់យ៉ាងអាណោចអាធ័មតែម្ដង។
សមត្ថកិច្ចបានឲ្យដឹងថា បច្ចុប្បន្នបុរសជាជនសង្ស័យត្រូវបានសមត្ថកិច្ចកំពុងសួនាំដើម្បីរកមូលហេតុពិតនៅពីក្រោយករណីមនុស្សឃាតនេះ៕
...
ដោយ៖ ឆ្លាមសមុទ្រ