នាវាដឹកប្រេងអ៊ីរ៉ង់3គ្រឿងចាកចេញពីតំបន់ដែលអាមេរិករារាំង

ចែករំលែក៖

នាវាដឹកប្រេងអ៊ីរ៉ង់ចំនួនបីគ្រឿងបានចាកចេញពីតំបន់ឈូងសមុទ្រ ដែលត្រូវបានរារាំងដោយកងទ័ពជើងទឹកអាមេរិក ដែលជាការនាំចេញប្រេងឆៅលើកដំបូងរបស់ទីក្រុងតេអេរ៉ង់ក្នុងរយៈពេលពីរខែ។
សារព័ត៌មាន AFP នាថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២៦ បានផ្សាយថា កប៉ាល់មួយចំនួនដែលដឹកប្រេងអ៉ីរ៉ង់ បានចាប់ផ្តើមចាកចេញពីតំបន់ដែលត្រូវបានបិទខ្ទប់ដោយយោធាអាមេរិក នៅច្រកសមុទ្រ Hormuz ហើយ ពីរថ្ងៃមុនពេលភាគីទាំង២ ត្រូវចុះកិច្ចព្រមព្រៀងបឋម ដែលសំដៅបិទបញ្ចប់សង្រ្គាមដែលផ្ទុះឡើងតាំងពីចុងខែកុម្ភៈ។
វែបសាយតាមដានកប៉ាល់ TankerTrackers បានបង្ហាញថា កប៉ាល់យក្ស២គ្រឿងរបស់ក្រុមហ៊ុនកប៉ាល់ដឹកប្រេងអ៉ីរ៉ង់ NITC ឈ្មោះ DIONA និង HERO2 បានធ្វើដំណើរចេញផុតបរិវេណដែលត្រូវបានបិទខ្ទប់ដោយកងទ័ពជើងទឹកអាមេរិក ហើយផ្ទុកប្រេងឆៅសរុបចំនួន ៣,៨លានបារ៉ែល។ ក្រោយមក វែបសាយដដែល បានឱ្យដឹងទៀតថា កប៉ាល់ដឹកប្រេងទី៣ ក៏បានចាកចេញផុតផងដែរ។
បើតាមវែបសាយ TankerTrackers វាគឺជាការនាំចេញប្រេងឆៅអ៉ីរ៉ង់ដំបូងបំផុតក្នុងរយៈពេល២ខែ ពោលគឺចាប់តាំងពីសហរដ្ឋអាមេរិកអនុវត្ត ការបិទខ្ទប់លើកប៉ាល់អ៉ីរ៉ង់ ឆ្លើយតបការដែលអ៉ីរ៉ង់បិទខ្ទប់ច្រកសមុទ្រ Hormuz ដែលជាច្រកដ៏សំខាន់នៃការដឹកជញ្ជូនប្រេងនិងឧស្ម័នរបស់ពិភពលោក ក្រោយរងការវាយប្រហារពីអាមេរិកនិងអ៉ីស្រាអែល កាលពីថ្ងៃទី២៨ ខែកុម្ភៈ។
គួរបញ្ជាក់ថា ការប្រកាសអំពីការឈានដល់កិច្ចព្រមព្រៀងរវាងអាមេរិកនិងអ៉ីរ៉ង់ ហើយច្រកសមុទ្រ Hormuz នឹងត្រូវបើកឡើងវិញទាំងស្រុងនោះ បានធ្វើឱ្យតម្លៃប្រេងអន្តរជាតិ ចាប់ផ្តើមធ្លាក់ចុះវិញ។ ការចរចាកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយចុងក្រោយ នឹងត្រូវចាប់ផ្តើមភ្លាមៗ ក្រោយពិធីចុះហត្ថលេខាលើ កិច្ចព្រមព្រៀងបឋមនៅប្រទេសស្វ៉ីសនាថ្ងៃសុក្រ ហើយវានឹងបន្តប្រព្រឹត្តទៅរយៈពេល ៦០ថ្ងៃ ដើម្បីឈានដល់ការសម្រេចចិត្ត ជុំវិញបញ្ហាខ្ទាស់ធំៗ រវាងទីក្រុងវ៉ាស៉ីនតោននិងទីក្រុងតេហេរ៉ង់ ដូចជារឿងកម្មវិធីនុយក្លេអ៊ែរ និងការដកទណ្ឌកម្មសេដ្ឋកិច្ចរបស់អន្តរជាតិ៕

...

រូប​ថត​: vnexpress

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print