ទីក្រុងយ៉ាងហ្គូន៖ កម្មវិធីទី៤ នៃដំណើរទស្សនកិច្ចការងារនៅទីក្រុងយ៉ាងហ្គូន ប្រទេសមីយ៉ាន់ម៉ា ដោយទទួលបានគោលការណ៏ដ៏ខ្ពង់ខ្ពស់អំពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយលោក Maung Myint រដ្ឋមន្ត្រីក្រសួងសណ្ឋាគារ ទេសចរណ៍ និងវប្បធម៌នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅទីក្រុងយ៉ាងហ្គូន។
តាមរយៈអនុស្សរណៈនៃការយោគយល់គ្នាគ្រប់ជ្រុងជ្រោយ និងប្រកបដោយផ្លែផ្កានេះ ភាគីទាំងពីរ បានឯកភាពជំរុញការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ឱ្យមានប្រសិទ្ធភាព និងទទួលបានលទ្ធផលជាក់ស្តែង តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍រួមគ្នា ការបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក ការជំរុញជើងហោះហើរត្រង់ និងជាប្រចាំឱ្យកាន់តែកើនឡើង ការចែករំលែកបទពិសោធ និងកាលានុវត្តល្អៗ ក្នុងការអភិវឌ្ឍ និងវិនិយោគក្នុងវិស័យទេសចរណ៍ ដើម្បីបង្កើនភាពងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាជន អ្នកធ្វើដំណើរ វិនិយោគិន ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ពង្រឹងការផ្លាស់ប្តូរប្រជាជន និងប្រជាជនឱ្យកាន់តែរឹងមាំ និងផ្តល់ផលប្រយោជន៍ជាអតិបរមា ជាពិសេសការពន្លឿនគម្រោង «ប្រទេសពីរ គោលដៅទេសចរណ៍មួយ»។
គួរបញ្ជាក់ផងដែរថា កម្ពុជា និងមីយ៉ាន់ម៉ា បានបង្កើតទំនាក់ទំនងការទូតជាមួយគ្នាអស់រយៈពេល៧១ឆ្នាំមកហើយ ហើយបាននិងកំពុងបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យនានា រួមទាំងវិស័យទេសចរណ៍ តាមរយៈយន្តការទ្វេភាគី និងកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌតំបន់៕ដោយ៖តារា










