ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅហ្នឹងកន្លែងកើតហេតុ ចំណែកឯបុរសម្នាក់ទៀតរួមដំណើរជាមួយបានរងរបួសធ្ងន់ និងបានបញ្ជូនទៅមន្ទីពេទ្យ
ក្រោយពេលជិះម៉ូតូឌុបគ្នាឆ្លងស្លុបផ្លូវបំបែកជាបួនត្រូវរថយន្តបើកឆ្លងស្តុបដូចគ្នាលឿនបុកអូសទៅមុខជាច្រើនម៉ែត្រ កាលពីវេលាម៉ោង១២:៣០នាទីរំលង អធ្រាត្រឈានចូលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ កែងផ្លូវ៣០ម៉ែត្រ ក្នុងសង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសរងគ្រោះ២នាក់ជិះម៉ូតូម៉ាក HONDA PCX ពណ៌ខ្មៅមួយគ្រឿងពាក់ ផ្លាកលេខ ភ្នំពេញ 1KF-5959 ជិះ ឌុបគ្នា ដោយធ្វើដំណើរតាមបណ្តោយផ្លូវ៣០ម៉ែត្រទិសដៅពីត្បូងទៅជើងឆ្លងស្តុបផ្លូវបំបែកជាបួន ខណះពេលជិះឆ្លងដល់ពាក់កណ្តាលផ្លូវ ស្រាប់តែគេឃើញមានរថយន្តមួយគ្រឿងម៉ាកFord Raptorពណ៌ខៀវ ពាក់ ផ្លាកលេខ កម្ពុជា R.SEY.88 បេីកបរដោយបុរសជនជាតិចិនម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ៦០ម៉ែត្រទិសដៅពីកើតទៅលិចឆ្លងស្តុបផ្លូវបំបែកជាបួនដូចគ្នាក្នុងល្បឿនលឿនក៏ជ្រុលទៅបុកម៉ូតូចំពាក់កណ្ដាលពេញទំហឹងអូសទៅមុខជាច្រើនម៉ែត្រធ្វើឲ្យបុរសជាម្ចាស់ម៉ូតូដែលជាអ្នកឌុបបានបាក់កស្លាប់ភ្លាមៗនៅហ្នឹងកន្លែងកើតហេតុចំណែកឯបុរសម្នាក់ទៀតរួមដំណើរជាមួយអង្គុយពីក្រោយបានរងរបួសធ្ងន់ត្រូវរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ រីឯអ្នកបើកបររថយន្តត្រូវសមត្ថកិច្ចឃាត់ខ្លួនយកទៅប៉ុស្តិ៍នគរបាលសង្កាត់ចាក់អង្រែក្រោមសួរនាំបន្ត។
ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងមន្ត្រីជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងស្ទូចយករថយន្តនិងម៉ូតូជនរងគ្រោះតែរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជាបណ្តោះអាសន្ន រង់ចាំការដោះស្រាយគ្នានៅពេលក្រោយ ។ ចំណែកឯសពសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ដោយ ៖ ភារ៉ា ដង្កោ










