ភ្នំពេញ៖ ក្រោមការដឹកនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ បានធ្វើការត្រួតពិនិត្យនិងផ្សព្វផ្សាយអនុក្រឹត្យលេខ០៣ តាមទីតាំងអគារខុនដូ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួន ក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងដែលសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ONLINE SCAMS ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញបានចំនួន ៩៨ទីតាំង រកឃើញជនបរទេសស្នាក់នៅសរុបចំនួន ២៨៤នាក់(ស្រី៨១នាក់) មានលិខិតឆ្លងដែនត្រឹមត្រូវ។
លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ថា៖ ក្នុងប្រតិបត្តិការនេះ ក្រុមការងារបានរកឃើញបទល្មើស១ករណីនៅទីតាំងអាជីវកម្មលក់ទូរស័ព្ទឈ្មោះ ឡឹ ចា ឌីជីថល ស្ថិតក្នុងបុរីជីបម៉ុង២៧១ ផ្ទះលេខ២២៥ ផ្លូវCommercial ភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ដោយបានឃាត់ខ្លួនជន សង្ស័យ៣នាក់ ក្នុងនោះមានជនជាតិចិន១នាក់ និងជនជាតិខ្មែរ២នាក់ (ស្រី១នាក់) ព្រមទាំងសម្ភាររួមមាន៖ កុំព្យូទ័រAll in one ចំនួន៦២គ្រឿង CPU ៩គ្រឿង ម៉ូនីទ័រ២៦គ្រឿង ទូរស័ព្ទដៃ៦៨២គ្រឿង Laptop ៥គ្រឿង។ ក្រោយការត្រួតពិនិត្យរបស់កម្លាំងជំនាញ ករណីនេះគឺស្ថិតក្រោមបទសង្ស័យត្រៀមប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ONLINE SCAMS។ ចំពោះសម្ភារខាងលើក្រុមការងារពុំបានដកហូតនោះទេ គឺសម្រេចបិទឃ្លុមទីតាំងជាបណ្ដោះអាសន្ន ដោយរក្សានៅក្នុងផ្ទះនោះតែម្តង។ ចំណែកជនសង្ស័យខាងលើត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីបន្ដនីតិវិធី៕ ដោយ.សំរិត









